ដោយៈ ទេព មង្គល / ភ្នំពេញៈ ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្ត គម្រោងជួសជុល ដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់ សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំ ឡើងវិញ។​ នេះបើយោងតាមការឱ្យដឹង ពីប្រភពអាជ្ញាធរជាតិអប្សរា។

លោក​ សាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធាន ការដ្ឋានជួសជុលស្ពានហាល ប្រាសាទអង្គរវត្ត បានមានប្រសាសន៍ថាៈ គម្រោងជួសជុល ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត ១០០ ម៉ែត្រ ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង ១០០ ម៉ែត្រ រួចមកហើយ នៅផ្នែកខាងកើត ខណៈការងារជួសជុល នៅផ្នែកខាងលិច ក៏ជិតរួចរាល់ជាស្ថាពរ។

លោកបានបន្តថាៈ បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាល មកដល់ខែមករា ឆ្នាំ២០២៣ នេះ សម្រេចបានប្រមាណ ៩០ ភាគរយហើយ ក្នុងនោះ ក្រុមការងារ អាចនឹងប្រើប្រាស់ពេលវេលាបន្ត យ៉ាងហោចណាស់ ១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងនេះ។

លោកបានបន្តទៀតថាៈ ក្នុងដំណើរការជួសជុល ស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗ តែងតែជួបប្រទះ ដូចជា ទោះបីស្ថិតក្នុងស្ថានភាព នៃជំងឺឆ្លងកូវីដ-១៩ រយៈពេលជាង ២ ឆ្នាំ ប៉ុន្តែសកម្មភាពនៃការជួសជុល នៅតែបន្ត បញ្ហាទឹកភ្លៀង នារដូវវស្សា ជាពិសេសស្ពានហាល មានកសិន្ធុទឹកព័ទ្ធជុំវិញ ពិបាកក្នុងការជួសជុល។

លោក សាតុរឹ មីវ៉ា តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា បានសម្តែងក្តីសប្បាយរីករាយ នៅពេលបានជួយដល់កម្ពុជា ក្នុងការងារជួសជុលស្ពានហាល និងគម្រោងអភិរក្ស ផ្សេងៗទៀត។ ក្នុងនោះ លោកសង្កេតឃើញថា អាជ្ញាធរជាតិអប្សរា បានខិតខំយ៉ាងខ្លាំង ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ជាពិសេស ការកសាងសមត្ថភាព ធនធានមនុស្ស រហូតដល់ការអនុវត្តគម្រោង នៅតាមការដ្ឋាននីមួយៗ មិនចាំបាច់ពឹងផ្អែក លើបរទេស ដូចពេលមុនឡើយ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៨៩ មក សាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែក ជាមួយអាជ្ញាធរជាតិអប្សរា ធ្វើសកម្មភាពជាច្រើន ជួយដល់ មរណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវ នៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំ បេតិកភណ្ឌដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស រស់នៅជុំវិញតំបន់អង្គរ ការផ្តួចផ្តើម បង្កើតសារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ ជាដើម៕/V/R