ដោយៈ ទេព មង្គល / ភ្នំពេញៈ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំង ពិព័រណ៍ផលិតផលសូត្រខ្មែរ ចំនួន ១១ មុខ នៅពាក់កណ្ដាល ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ផលិតផលទាំង ១១ មុខនេះ មានកន្សែងសូត្រ ចំនួន៤ និងសំពត់ហូល ចំនួន៥ នៅក្នុងនោះ ក៏មានហូលពិតាន ចំនួន២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌ ប្រពៃណីខ្មែរ។

ការដាក់តាំងពិព័រណ៍វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញ ហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតាន ក្នុងសង្គមខ្មែរ សម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់ បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកមក។

លោក សែន គឹមស៊ុន នាយករងស្តីទី ​នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹង ថាៈ សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរ ជាយូរយារណាស់ មកហើយ ប៉ុន្តែមួយផ្នែកធំ វាត្រូវបានបំផ្លិចបំផ្លាញ ដោយសាររបបប៉ុលពត ហើយបច្ចុប្បន្ន មិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតាន ជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញ ហូលពិតាន បានធ្លាក់ចុះ។

ក្រុមអ្នកជំនាញផ្នែកប្រពៃណី និងវប្បធម៌ ពន្យល់ថាៈ ហូលពិតាន មានលក្ខណៈពិសេស ខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់ លើកគោម ជារូបផ្សេងៗ យ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាល បានហាមអ្នកស្រុក មិនឱ្យយកហូល ប្រភេទនេះ ទៅប្រើ ឬស្លៀក ដូចហូលធម្មតាទេ បើទោះបីជាហូលនោះ នៅថ្មី មិនទាន់បាន អភិសេក ក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅ ត្បាញលើហូល សម្រាប់ស្លៀកពាក់ធម្មតា បានដូចគ្នា។

លោក សែន គឹមស៊ុន បានបញ្ជាក់ថាៈ ការផលិតហូលពិតានមួយៗ ត្រូវការចំណាយ ពេលវេលាយូរ ត្រូវការកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម និងប្រើវត្ថុធាតុដើម សុទ្ធសឹងផលិតចេញ ពីសសៃសូត្រធម្មជាតិ ហើយជ្រលក់ពណ៌ធម្មជាតិ ដែលផ្សំឡើងពី រុក្ខជាតិ ទៅតាមបច្ចេកទេសបុរាណ មិនប្រើសារធាតុគីមីឡើយ។

សូមរំលឹកថា ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ សម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ)សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកដំណើរការ តាំងតែពីអំឡុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការ ពីបណ្ដាប្រទេស តាមដងទន្លេមេគង្គ-ទន្លេគង្គារ ដោយមានប្រទេស ចំនួន៦ ចូលរួម ដូចជា ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណី នៃការផលិតវាយនភណ្ឌ ក៏ដូចជា ការបង្ហាញពីទំនាក់ទំនង រវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ៕/V-PC