ដោយៈ សុផល / ភ្នំពេញៈ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ប្រមាណជាង ១២ ម៉ឺននាក់ មានការកើនឡើងជិត ៣៣% បើធៀបទៅនឹងថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន ឆ្នាំមុន។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ២៣ ខែមករា នេះថាៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ភ្ញៀវទេសចរ បានមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ មានប្រមាណ ១២៣ ៣២៤ នាក់ កើនឡើង ៣២,៩៥% បើប្រៀបធៀបទៅនឹងថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន កាលពីឆ្នាំ២០២២។

លោក ឃាង ភារម្យ បានមានប្រសាសន៍បន្តថាៈ ក្នុងចំណោមភ្ញៀវទេសចរ ទាំង ១២៣ ៣២៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ មានប្រមាណ ១២០ ៩៤២ នាក់ កើនឡើង ៣៤,៤១% និងភ្ញៀវបរទេស ប្រមាណ ២ ៣៨២ នាក់ ថយចុះ ១៤,៤៧%។

លោក ឃាង ភារម្យ បានបន្តទៀតថាៈ ភ្ញៀវទេសចរ ទៅកម្សាន្តនៅខេត្តព្រះសីហនុ ភាគច្រើនបំផុត គឺនៅតំបន់ឆ្នេរ និងកោះ ដែលធ្វើឱ្យផ្ទះសំណាក់ និងសណ្ឋាគារ នៅតាមតំបន់ឆ្នេរ និងតំបន់កោះ ត្រូវបានភ្ញៀវកក់ពេញទាំងអស់ មិនមានសល់ទេ។ ប៉ុន្តែផ្ទះសំណាក់ និងសណ្ឋាគារ នៅឆ្ងាយជាយៗក្រុង នៅសល់ខ្លះៗដែរ។

គួរបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋខ្មែរ ជាប់សែស្រឡាយចិន បានឈប់សម្រាក និងបិទអាជីវកម្មរបស់ខ្លួន នាំកូនចៅ ធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា ពិសេសនៅតាមតំបន់ឆ្នេរ និងកោះ ព្រមទាំងតាមប្រាង្គប្រាសាទ ផងដែរ៕/V-PC