ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាសែតបារាំងប្រចាំថ្ងៃលីប៊ឺរ៉េសិន( Liberation) បានដកស្រង់សម្តីបុរសវ័យក្មេងម្នាក់ថា វេជ្ជបណ្ឌិតបានកាត់ពងស្វាសរបស់បុរសនេះដែលត្រូវប៉ូលិសយកដំបងឆក់វាយចំក្រលៀនក្នុងអំឡុងពេលបាតុកម្មដ៏ធំនៅទីក្រុងប៉ារីស ហើយគាត់គ្រោងនឹងដាក់ពាក្យប្តឹង។
ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលផ្ទុះអំពើហិង្សានៅឯការហែក្បួនដោយសន្តិវិធីកាលពីថ្ងៃព្រហស្បតិ៍ដោយមនុស្សរាប់ម៉ឺននាក់ដែលប្រឆាំងនឹងផែនការកំណែទម្រង់សោធននិវត្តន៍របស់រដ្ឋាភិបាលដែលជួបការជំទាស់យ៉ាងក្តៅគគុក។ មនុស្សប្រហែល ១ លាននាក់បានដើរដង្ហែនៅទីក្រុងនានាជុំវិញប្រទេសបារាំងនៅថ្ងៃនោះ។
បុរសអាយុ ២៦ ឆ្នាំ ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងសារព័ត៌មានបារាំងថាជាវិស្វករ បាននិយាយថាគាត់ត្រូវបានវាយដួលទៅនឹងដីដោយមន្ត្រីប៉ូលិសម្នាក់ខណៈកំពុងថតរូបក្នុងអំឡុងពេលប្រឈមមុខដាក់គ្នារវាងបាតុករនិងប៉ូលិស។ មន្ត្រីម្នាក់ទៀតបានឆក់គាត់នឹងដំបងឆក់ ហើយវាយលើក្រលៀនបុរសនោះ។
វីដេអូនៃឧបទ្ទវហេតុនេះបានផ្សព្វផ្សាយពេញបណ្តាញសង្គមនិងទូរទស្សន៍បារាំងកាលពីចុងសប្តាហ៍។
មេប៉ូលីសក្រុងប៉ារីស លោក ឡូរ៉ង់ នូណេស (Laurent Nunez) បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧបទ្ទវហេតុនេះខណៈមានកំហឹងកាន់តែខ្លាំងឡើងលើអ្វីដែលហាក់ដូចជាករណីថ្មីនៃអំពើហិង្សាដោយអចេតនារបស់ប៉ូលីសបារាំង ដែលតែងល្បីប្រើហិង្សា។
កាសែត Liberation បានកំណត់អត្តសញ្ញាណបុរសរងរបួសនោះថា អ៊ីវ៉ាន់ អេស (Ivan S.) ហើយបាននិយាយថា រូបគេបានប្រាប់កាសែតថាគាត់នឹងប្តឹងនិងថា«ខ្ញុំមិនមែនជាមនុស្សដំបូងទេដែលទទួលរងអំពើហិង្សាពីសំណាក់ប៉ូលីស”៕
ប៉ូលីសចាប់ទាញបាតុករម្នាក់ក្នុងអំឡុងបាតុកម្មនៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ទី១៩មករា