ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខ្មាន់កាំភ្លើងអាយុ៧២ឆ្នាំម្នាក់បានសម្លាប់ខ្លួន នៅពេលប៉ូលិសបម្រុងចូលចាប់ខ្លួនរូបគេកាលពីថ្ងៃអាទិត្យទី២២មករា គឺប្រហែល ១២ម៉ោងបន្ទាប់ពីជននេះបានធ្វើសកម្មភាពសម្លាប់រង្គាលក្នុងពិធីបុណ្យចូលឆ្នាំចិននៅក្លិបរាំមួយដែលបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស។
ខ្មាន់កាំភ្លើងបានព្យាយាមបើកការបាញ់ប្រហារមួយទៀតនៅក្លិបដាច់ដោយឡែកមួយ នៅត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីការបាញ់លើកទីមួយកាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែអាជ្ញាធរបាននិយាយថាអ្នកឈរមើលពីរនាក់បានដណ្តើមយកអាវុធពីដៃបុរសនោះ មុនពេលការបាញ់ប្រហារមួយទៀតបម្រុងនឹងកើតឡើង។ បុរសនោះបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
លោក រ៉ូបឺត លូណា (Robert Luna)តម្រួតតំបន់ទីក្រុងឡូសអ៊ែនជើឡេស បានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះថា ហ៊ូ កាន់ ចាន់ (Huu Can Tran)អាយុ៧០ប្លាយ។លោកនិយាយថាជននេះបានប្រើកាំភ្លើងខ្លីបង់វែងដែលមានសមត្ថភាពខ្ពស់ដើម្បីបាញ់ទៅលើកន្លែងរាំដែលពេញនិយមជាមួយមនុស្សចាស់នៅទីក្រុងម៉ុនធឺរ៉េ ផាក (Monterey Park) ស្ថិតនៅចម្ងាយប្រហែល ១១គីឡូម៉ែត្រពីភាគខាងកើតទីក្រុងឡូសអ៊ែនជើឡេស។
ក្រុមអ្នកស៊ើបអង្កេតមិនទាន់ដឹងពីមូលហេតុបង្កនៅឡើយទេ ប៉ុន្តែអំពើហិង្សាដោយកាំភ្លើងបានកើតឡើងញឹកញាប់នៅក្នុងសហរដ្ឋអាម៉េរិក។ លោកលូណាមិនបានកំណត់អត្តសញ្ញាណជនរងគ្រោះណាម្នាក់ទេ ប៉ុន្តែបាននិយាយថាបុរស៥នាក់និងស្ត្រី៥នាក់ទំនងជាមានអាយុ ៥០ ឆ្នាំ ទៅ ៦០ ឆ្នាំប្លាយ។ ប៉ូលិសបាននិយាយថា កាំភ្លើងដែលលោកចាន់ប្រើហាក់ខុសច្បាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកន្លែងដែលច្បាប់របស់រដ្ឋបានហាមប្រាមបង់កាំភ្លើងដែលផ្ទុកលើសពី ១០ គ្រាប់។
លោកលូណាបានប្រាប់អ្នកយកព័ត៌មានថា “យើងចង់ដឹងថាតើរឿងដ៏អាក្រក់បែបនេះអាចកើតឡើងបានដោយរបៀបណា”៕
ខ្មាន់កាំភ្លើងឈ្មោះ ហ៊ូ កាន់ចាន់ បានសម្លាប់ខ្លួនកាលពីថ្ងៃអាទិត្យ