ប្រែសម្រួល : កញ្ញាដាលីស (NDTV) ៖ លោក ប៊ូស អាល់ឌ្រីន (Buzz Aldrin) ដែលជាអវកាសយានិកអាម៉េរិកម្នាក់ក្នុងចំណោមបីនាក់ដែលបានដើរលើឋានព្រះចន្ទក្នុងបេសកកម្មយាន Apollo 11 ឆ្នាំ ១៩៦៩ បានរៀបការជាមួយគូស្នេហាយូរអង្វែងរបស់គាត់នៅថ្ងៃខួបកំណើតគម្រប់ ៩៣ ឆ្នាំរបស់គាត់។
ឆ្លៀតឱកាសសរសេរក្នុង Twitter កាលពីថ្ងៃសៅរ៍ទី២១មករា លោកអាល់ឌ្រីនបានបង្ហោះរូបភាពជាមួយភរិយាលោក គឺលោកស្រីវេជ្ជបណ្ឌិត អានកា ហ្វួ (Dr Anca Faur) ហើយបាននិយាយថា ពួកគេបានចងចំណងអាពាហ៍ពិពាហ៍នៅក្នុងពិធីតូចមួយនៅទីក្រុងឡូសអ៊ែនជើឡេស រដ្ឋកាលីហ្វ័រញ៉ា។
អតីតអវកាសយានិករូបនេះបានសរសេរថា “ក្នុងថ្ងៃខួបកំណើតគម្រប់ ៩៣ ឆ្នាំរបស់ខ្ញុំនិងជាថ្ងៃដែលខ្ញុំក៏នឹងត្រូវបានផ្តល់កិត្តិយសដោយស្ថាប័នវរបុរសអាកាសចរណ៍មានជីវិត (Living Legends of Aviation) ផងដែរនោះ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមប្រកាសថា គូស្នេហ៍យូរអង្វែងរបស់ខ្ញុំគឺ វេជ្ជបណ្ឌិត អានកា ហ្វួ និងរូបខ្ញុំបានចងចំណងអាពាហ៍ពិពាហ៍។ យើងបានចូលរួក្នុងមង្គលការដ៏បរិសុទ្ធក្នុងពិធីឯកជនតូចមួយក្នុងទីក្រុងឡូសអ៊ែនជើឡេស ហើយមានអារម្មណ៍រំភើបដូចក្មេងជំទង់យ៉ាងអ៊ីចឹង”។
សារបង្ហោះរបស់លោកអាល់ឌ្រីនទទួលបានការចូលចិត្តជាង ២២.០០០ និងចូលមើលជាង ១,៨ លានដង។ នៅក្នុងផ្នែក Comment អ្នកប្រើប្រាស់ជាច្រើនបានអបអរសាទរគូស្នេហ៍មួយគូនេះហើយសរសេរបែបកំប្លែងថា “អ្នកច្បាស់ជាកំពុងឡើងឋានព្រះចន្ទ!”។
អ្នកប្រើ Twitter ម្នាក់បានសរសេរថា “រីករាយថ្ងៃកំណើតប៊ូសនិងសូមអបអរសាទរចំពោះអាពាហ៍ពិពាហ៍របស់អ្នក។ ខ្ញុំរំភើបចិត្តចំពោះអ្នកណាស់។ ដូចរាល់ដង អ្នកតែងតែធ្វើរឿងឡូយៗ។ WOW! សូមអបអរសាទរវរសេនីយ៍ឯក អាល់ឌ្រីន! ជីវិតចាប់ផ្តើមនៅអាយុ ៩៣ ឆ្នាំ! សូមជូនពរជ័យ”៕
លោកអាល់ឌ្រីននិងលោកស្រីហ្វួរៀបការកាលពីថ្ងៃសៅរ៍