ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រុស្ស៊ីមានទាហានស្លាប់ឬរបួសចំនួន ១៨០.០០០ នាក់នៅក្នុងប្រទេសអ៊ុយក្រែនរហូតមកទល់ពេលនេះខណៈតួលេខសម្រាប់អ៊ុយក្រែនគឺមានចំនួនអ្នកស្លាប់និងរបួសខាងយោធាចំនួន ១០០.០០០ នាក់ និងជនស៊ីវិលចំនួន ៣០.០០០ នាក់ នេះបើយោងតាមការប៉ាន់ស្មានដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី២២មករាដោយប្រមុខយោធារបស់ន័រវែស។
ប្រមុខការពារជាតិន័រវែសលោក អេរិក គ្រីស្តូហ្វើសិន (Eirik Kristoffersen) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TV2ដោយមិនបញ្ជាក់ថាតើចំនួនទាំងនេះត្រូវបានគណនាដោយរបៀបណា យ៉ាងដូច្នេះថា “ការបាត់បង់របស់រុស្ស៊ីកំពុងចាប់ផ្តើមខិតជិតដល់ចំនួនទាហានស្លាប់ឬរបួសប្រហែល ១៨០.០០០ នាក់”។
ន័រវែស ដែលជាប្រទេសជាប់ព្រំដែនរុស្ស៊ី បានក្លាយជាសមាជិករបស់ណាតូ ចាប់តាំងពីការបង្កើតអង្គការនេះឡើងក្នុងឆ្នាំ ១៩៤៩។
ឧត្តមសេនីយ៍ន័រវែសរូបនេះបាននិយាយថា “ការបាត់បង់របស់អ៊ុយក្រែនប្រហែលជាមានអ្នកស្លាប់ឬរបួស ១០០.០០០ នាក់។ ក្រៅពីនេះ អ៊ុយក្រែនមានជនស៊ីវិលប្រហែល ៣០.០០០នាក់ស្លាប់នៅក្នុងសង្គ្រាមដ៏អាក្រក់នេះ”។
រដ្ឋាភិបាលក្រុងមូស្គូនិងគៀវមិនបានផ្តល់គណនីដែលអាចទុកចិត្តបានសម្រាប់ការបាត់បង់របស់ពួកគេអស់ជាច្រើនខែមកហើយ។
កាលពីខែវិច្ឆិកា នាយសេនាធិការរួមនៃកងទ័ពអាម៉េរិក លោក ម៉ាក មីលលី (Mark Milley)បាននិយាយថា កងទ័ពរុស្ស៊ីបានទទួលរងការស្លាប់ឬរបួសជាង ១០០.០០០ នាក់ខណៈភាគីអ៊ុយក្រែនស្លាប់ឬរបួសក្នុងចំនួនប្រហាក់ប្រហែលគ្នាផងដែរ។
តួលេខទាំងនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ៕
ទាហានអ៊ុយក្រែនបាញ់កាំភ្លើងធំចល័ត Krab សំដៅទីតាំងរបស់រុស្ស៊ី