ប្រែសម្រួល : កញ្ញាដាលីស (CGTN) ៖ នាវាមុជទឹកហ្វេនដូចឺ( Fendouzhe) របស់ចិនបានបំពេញប្រតិបត្តិការរយៈពេល ១០ ម៉ោងជាប់ៗគ្នានៅចំណុចជ្រៅបំផុតនៃរណ្តៅសមុទ្រ ដាយអាម៉ាន់ទីណា (Diamantina) ហើយត្រូវបានស្រង់ដោយជោគជ័យដោយនាវាស្រាវជ្រាវវិទ្យាសាស្ត្រ Tansuo-1 (Exploration) កាលពីថ្ងៃអាទិត្យទី២២មករា។
ក្រុមបេសកកម្មវិទ្យាសាស្ត្រទីជ្រៅ ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្ត្រនិងវិស្វកម្មសមុទ្រជ្រៅក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនមានសមាជិកចំនួន ៥៦ នាក់។ ក្រុមនេះបានចេញដំណើរពីទីក្រុងសានយ៉ា (Sanya) ភាគខាងត្បូងប្រទេសចិននៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ ហើយបន្ទាប់មកបានបំពេញបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រចំនួនពីរនៅរណ្តៅសមុទ្ររបស់កោះកឺម៉ាដិក (Kermadec) មួយនេះ។ បច្ចុប្បន្ន ក្រុមនេះកំពុងធ្វើបេសកកម្មរុករកទីជ្រៅបំផុតទីបីនៅរណ្តៅសមុទ្រដាយអាម៉ាន់ទីណា។
លោក លីវ ជូ (Liu Zhu) ប្រធានក្រុមនាវា Tansuo-1 បាននិយាយថា អាកាសធាតុមានខ្យល់បក់ខ្លាំងនៅមហាសមុទ្រឥណ្ឌាភាគអាគ្នេយ៍បានបន្ថែមការលំបាកដល់ការពង្រាយនិងការងារស្រង់យកនាវាមុជទឹក។
លោកលីវបាននិយាយថា “តំបន់ប្រតិបត្តិការនេះមានទីតាំងនៅក្រវាត់ភាគខាងលិច កន្លែងដែលស្ថានភាពសមុទ្រមានសភាពអាក្រក់ជាពិសេសជាមួយនឹងខ្យល់បក់ខ្លាំងនិងទឹកសមុទ្របោកបក់រលកធំៗ។ វាពិតជាលំបាកណាស់ក្នុងការដាក់ពង្រាយនិងស្រង់យកនាវាមុជទឹក ប៉ុន្តែយើងអាចទប់ទល់នឹងសម្ពាធនេះបាន និងបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទីនេះ”។
នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលអាចឈានដល់ចំណុចជ្រៅបំផុតនៃរណ្តៅសមុទ្រដាយអាម៉ាន់ទីណា ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិទ្យាសាស្ត្រនៅទីជ្រៅៗនៃសកលលោក៕
នាវាមុជទឹក Fendouzhe ចុះដល់ចំណុចជ្រៅបំផុតនៃរណ្តៅសមុទ្រដាយអាម៉ាន់ទីណាកាលពីថ្ងៃអាទិត្យ