ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណា​ចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់​អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយ​ទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់កិត្តិយសលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង និងជាមេបញ្ជាការ កងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ​ដទៃ​​ទៀត។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀល​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទង្វើរបស់បុគ្គល​ពាលរូបនេះ តាមរយៈការញុះញង់ ការគ្រងឯកសណ្ឋានយោធាដោយ​ខុសច្បាប់ ការធ្វើឱ្យប៉ះពាល់ដល់​សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធ ពល ខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែង​ឱ្យបាន។

ទន្ទឹមគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ ជនរួមជាតិ ទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បី ផ្តន្ទាទោស​ជននេះតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រកាសប្រឆាំងដាច់ខាត ចំពោះ​ជនណា ដែលព្យាយាម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងយោធ ពលខេមរភូមិន្ទ និងសូមប្ដេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជ​រដ្ឋាភិបាល ស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជន​ណាមួយ មករំលោភបំពាន បានឡើយ។

ដោយឡែកលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជានៅរសៀលថ្ងៃទី២៣ ខែមករានេះបានសរសេរថា “នេះជាការប្រមាទ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់​មកដល់អារម្មណ៍និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិក​គ្រួសារតែមួយ។ ខ្ញុំសូមអំពាវនាវឱ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើ​ជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់​ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍​គ្មានមូលដ្ឋាន ដែលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិ​នៃយើងផង”៕សរន / N