ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងដ៏ ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួនប្រាំរូបនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។ពិធីបានប្រារព្ធនៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី ២៣ ខែមករានេះ។

យោងតាមប្រភពអគ្គស្នងការនគរបាលជាតិបានឱ្យដឹង ថា ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពដែលត្រូវបានប្រកាសចូលកាន់តំណែង នាឱកាសនោះរួមមាន៖ទី១. លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកជាប្រធាននាយកដ្ឋាន កណ្ដាលនគរបាលព្រំដែន,ទី២. លោកឧត្ដមសេនីយ៍ឯក សែម សុតាន់ ពីប្រធានអង្គភាពតម្រួតបទបញ្ជាទៅជាប្រធាន អង្គភាពអន្តរាគមន៍.ទី៣.លោកឧត្ដមសេនីយ៍ទោ ឆឹង កុមារ ជាប្រធានអង្គភាពតម្រួតបទបញ្ជា
,ទី៤. លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនិងទី៥.លោកឧត្ដម​សេនីយ៍ឯក អ៊ឹង ដារ៉េត ពីប្រធានអង្គភាពអន្តរាគមន៍ ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់។

ថ្លែងក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពដែលទើបប្រកាសចូលកាន់តំណែង ត្រូវធ្វើជាគំរូដល់កងកម្លាំងក្រោមឱវាទ ស្របតាមអ្វីដែលជាការប្ដេជ្ញាចិត្ត ហើយត្រូវយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រងកងកម្លាំងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គុណភាព តម្លាភាព គណនេយ្យភាព ពិសេសចេះសណ្ដោសប្រណី អប់រំ ថែរក្សា សុខភាព ជីវភាពកងកម្លាំង និងត្រូវច្បាស់លាស់ម៉ឺងម៉ាត់។


នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ទៀតថា ប្រធាននាយកដ្ឋាន-អង្គភាព ត្រូវជៀស​វាង​​​ដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ពាក់ព័ន្ធការកិបកេងលុយកាក់ដែលជារបបរបស់មន្ដ្រីក្រោមឱវាទខ្លួន។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់កសាងអង្គភាព លើកកម្ពស់ស្មារតី រក្សាសាមគ្គីភាព ទាំងផ្ទៃក្នុងអង្គភាព និងអង្គភាពខាងក្រៅ ហើយដាច់ខាតត្រូវតែធ្វើជាគំរូល្អ។
លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រំលឹកទៀតថា ប្រធាននាយកដ្ឋាន-អង្គភាព ត្រូវតែគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ និងក្រុមគ្រួសារ នៅពេលមានទុក្ខលំបាកត្រូវចេះជួយតាមលទ្ធភាពដែលខ្លួនមានដោយបង្ហាញពីស្មារតីយកចិត្តទុកដាក់ ពិសេសតាមរយៈសមាគមមិត្តនគរបាលជាតិកម្ពុជា។ លើសពីនេះ ត្រូវបង្ហាញស្មារតី ឆន្ទៈ ភាពស្មោះត្រង់ដល់មន្ដ្រីរបស់ខ្លួន បើមិនដូច្នេះទេនឹងប្រាស់ចាកជាមួយក្រមសីលធម៌របស់កងកម្លាំង៕សរន