ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ បានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូមានបំណងចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមនៅប៉ុន្មានខែដំបូងនៃជម្លោះ តែអាម៉េរិកនិងបណ្តាប្រទេសលោកខាងលិចបានប្រាប់រដ្ឋាភិបាលទីក្រុងគៀវអោយប្រឆាំងនឹងគំនិតនេះ។
ការអះអាងរបស់ប្រមុខការទូតរុស្ស៊ីក្នុងអំឡុងពេលទស្សនកិច្ចមួយនៅអាហ្វ្រិកខាងត្បូងដូចគ្នានឹងការអះអាងរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំមុនដែលថាប្រទេសលោកត្រៀមពិភាក្សា តែសម្ពន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនរារាំងមិនអោយកិច្ចពិភាក្សាកើតមានឡើង។
តែអាម៉េរិកនិងសម្ពន្ធមិត្តដទៃទៀតរបស់អ៊ុយក្រែនបាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូមិនហ្មត់ចត់អំពីការចរចាដើម្បីបញ្ចប់សង្គ្រាមទេ។
លោកឡាវរ៉ូវ បាននិយាយថា«គេដឹងជាទូទៅថា យើងគាំទ្រសំណើភាគីអ៊ុយក្រែនដើម្បីចរចានៅដើមដំបូងនៃប្រតិបត្តិការយោធាពិសេស និងត្រឹមចុងខែមីនា គណៈប្រតិភូទាំងពីរប្រទេសបានព្រមព្រៀងលើគោលការណ៍ដោះស្រាយជម្លោះនេះ»។
«គេក៏ដឹងជាទូទៅថា អាម៉េរិក អង់គ្លេសនិងសហសេវិកអឺរ៉ុបបានប្រាប់អ៊ុយក្រែនថា វាលឿនពេលក្នុងការសំរេចកិច្ចព្រមព្រៀង។ការរៀបចំដែលជិតព្រមព្រៀងគ្នាមួយត្រូវបានរបបដឹកនាំទីក្រុងគៀវកែប្រែ»។
រុស្ស៊ីបានច្រានចោលការទាមទាររបស់អ៊ុយក្រែននិងលោកខាងលិចដែលអោយរដ្ឋាភិបាលទីក្រុងមូស្គូដកទាហានទាំងអស់ចេញពីអ៊ុយក្រែនសំរាប់ជាលក្ខខណ្ឌសំរាប់ការចាប់ផ្តើមការចរចា។ចំណែកប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន បានបង្ហាញសញ្ញាថាលោកនឹងពិភាក្សាជាមួយលោកពូទីនបើសិនជាមេដឹកនាំរុស្ស៊ីបង្ហាញថាខ្លួនលោកចង់បញ្ចប់ការឈ្លានពាននេះមែនទែន។
លោករដ្ឋមន្ត្រីឡាវរ៉ូវ បានទៅកាន់ទីក្រុងប្រេតូរីយ៉ា(Pretoria)ដើម្បីជួបពិភាក្សាជាមួយសមភាគីអាហ្វ្រិកខាងត្បូង ណាឡេឌី ប៉ានឌ័រ( Naledi Pandor )នៅពេលរុស្ស៊ីជំរុញការពង្រឹងទំនាក់ទំនងជាមួយប្រទេសអភិវឌ្ឍន៍ខ្លាំងបំផុតប្រចាំអាហ្វ្រិកមួយនេះ និងជាសម្ពន្ធមិត្តជាប្រវត្តិសាស្ត្រមួយរបស់ខ្លួន។
ទោះជាអាហ្វ្រិកខាងត្បូងអះអាងអំពីអព្យាក្រិតភាពរបស់ខ្លួនចំពោះសង្គ្រាមអ៊ុយក្រែន ក៏ដំណើរទស្សនកិច្ចរបស់ឡាវរ៉ូវកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីកងកម្លាំងអាហ្វ្រិកខាងត្បូងបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធយោធារួមជាមួយកងទ័ពជើងទឹករុស្ស៊ីនិងចិននៅឯនាយឆ្នេរខាងកើតរបស់ខ្លួននៅខែក្រោយ៕
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ និងសមភាគីអាហ្វ្រិកខាងត្បូងណាឡេឌី ប៉ានឌ័រ ក្នុងជំនួបនៅទីក្រុងប្រេតូរីយ៉ា កាលពីថ្ងៃចន្ទទី២៣មករា