ក្រុម​មេដឹកនាំ​ពិភពលោក អបអរសាទរ​បេសកកម្ម​ជួយសង្គ្រោះ​ក្មេង​ថៃ​១២​នាក់​និង​គ្រូបង្វឹក ដោយ​ជោគជ័យ​

1230
ចែករម្លែក

​ក្រុម​មេដឹកនាំ​ពិភពលោក​បាន​អបអរសាទរ​បេសកកម្ម​ជោគជ័យ​ដែល​បាន​ជួយសង្គ្រោះ​កីឡាករ​បាល់ទាត់​វ័យក្មេង​ចំនួន​១២ នាក់​និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​បាន​ជាប់​នៅក្នុង​ល្អាង​ភ្នំ​ថាំ​ហ្លួង នៅ​ខេត្ត​ឈៀង​រ៉ៃ អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍​មកនេះ​។​

​អ្នក​រស់រានមានជីវិត​៥​នាក់​ចុងក្រោយ​បំផុត​នៃ​ក្រុម​ក្មេង​នេះ ត្រូវបាន​នាំចេញ​ដោយ​ក្រុមការងារ​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​អង្គារ​ទី​១០ ខែកក្កដា ។ កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ក្មេង​៨​នាក់​ត្រូវបាន​សង្គ្រោះ​យកចេញ​មុន ដោយ​សុវត្ថិភាព​។​

​ក្រុម​មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់ ដោយ​រួមទាំង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេ​រ៉េ​សា មេ និង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​អបអរសាទរ​បេសកកម្ម​ជួយសង្គ្រោះ​ក្មេង​ថៃ​១២​នាក់​និង​គ្រូបង្វឹក ដោយ​ជោគជ័យ​នេះ​។​

​ក្នុងការ​ជួយសង្គ្រោះ​នេះ បញ្ជាការដ្ឋាន​អាមេរិក​ប្រចាំ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក បាន​បញ្ជូន​អ្នកជំនាញ​មួយក្រុម​ទៅ​ល្អាង​ភ្នំ​ដើម្បី​ជួយ​ក្រុម​អ្នក​សង្គ្រោះ​ថៃ​ក្នុង​បេសកកម្ម​សង្គ្រោះ​នេះ​។​

​ក្រុម​អ្នកជំនាញ​ល្អាង​ភ្នំ​អង់គ្លេស បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​បេសកម្ម​ជួយសង្គ្រោះ​នេះ ដោយ​ក្លាយជា​ក្រុម​ទីមួយ ដែល​បាន​រកឃើញ​ក្មេង​ទាំងនេះ និង​គ្រូបង្វឹក​របស់​ពួកគេ នៅ​ខាងក្នុង​ល្អាង​ភ្នំ​នេះ គឺ​៩​ថ្ងៃ​បន្ទាប់ពី​ពួកគេ​បាន​បាត់​ខ្លួន​។

​ក្រៅពី ក្រុម​អ្នកជំនាញ​អាមេរិក​និង​អង់គ្លេស​នេះ មាន​ក្រុម​អ្នក​សង្គ្រោះ​ជាច្រើន​មកពី​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ ហ្វីលីពីន ជប៉ុន ចិន អូ​ស្រា​លី ក៏បាន​ចូលរួម​ក្នុង​បេសកកម្ម​សង្គ្រោះ​នេះ​ផងដែរ​៕ ដោយ៖ សុខា

ប្រជាជន​ថៃ​អបអរ​ការសង្គ្រោះ​ជោគជ័យ

ទីតាំងផ្សាយពាណិជ្ជកម្ម