ដោយ: ពៅនិមល /ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ នៅប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយលោកស្រី Helene Budliger Artieda រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បីពិភាក្សាការងារស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

ក្រសួងពាណិជ្ជកម្ម នៅរាត្រីថ្ងៃទី២៣ ខែមករានេះ បានឲ្យដឹង នៅក្នុងបណ្តាញសង្គមថាៈ តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើង ពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ  ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។

លោកបានបន្តថាៈ ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ គឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុប រវាងកម្ពុជា និងប្រទេសស្វីស មានចំនួនសរុបប្រមាណ ៣៧៩ លានដុល្លាអាម៉េរិក រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណជាង ៩៧៤ លានដុល្លាអាម៉េរិក។

ទាក់ទិនការងារនេះ លោករដ្ឋមន្ត្រី ក៏បានពិភាក្សាជាមួយលោកស្រី លើការពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរ គុណដល់រដ្ឋាភិបាលស្វីស ចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍនានា ក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ ចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។

ជាការឆ្លើយតប លោកស្រី រដ្ឋលេខាធិការ បានបង្ហាញការស្វាគមន៍ លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថាៈ រដ្ឋាភិបាលស្វីស បាននិងកំពុងគាំទ្រកម្ពុជា ក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រី បានកោតសរសើរពីការជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ និងបានអបអរសាទរ ចំពោះកម្ពុជា  ដែបបានធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ប្រកបដោយជោគជ័យ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថាៈ ចុងក្រោយនៃជំនួបនេះ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិផងដែរ៕/V

ចំណងជើងរូបភាព៖ លោកស្រីរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស (ស្តាំដៃ)រូបភាព៖ ក្រសួង