ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូឡូញបាននិយាយកាលពីថ្ងៃចន្ទទី២៣មករាថា ខ្លួនមានឆន្ទៈក្នុងការបញ្ជូនរថក្រោះ Leopardដែលផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនដោយគ្មានការយល់ព្រម ប៉ុន្តែជាដំបូងត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងប៊ែរឡាំងជាមុនសិន ខណៈរដ្ឋាភិបាលក្រុងគៀវជំរុញសម្ពន្ធមិត្តរបស់ខ្លួនឱ្យប្រគល់អាវុធធុនធ្ងន់។
បណ្តាប្រទេសអឺរ៉ុបបានយល់ព្រមចំណាយ ៥០០ លានអឺរ៉ូ (៥៤០ លានដុល្លារ) បន្ថែមទៀតដើម្បីផ្តល់អាវុធដល់រដ្ឋាភិបាលក្រុងគៀវនៅក្នុងការជំរុញចុងក្រោយបង្អស់ដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារដើម្បីជួយអ៊ុយក្រែនរុញច្រានកងកម្លាំងរុស្ស៊ី។
ទោះយ៉ាងណា ខណៈប្រទេសជាច្រើនបានសន្យាផ្តល់គ្រឿងសឹកយោធាធន់ធ្ងន់ រដ្ឋាភិបាលក្រុងគៀវកំពុងទាមទារអាវុធទំនើបនិងធុនធ្ងន់ជាងនេះ ជាពិសេសរថក្រោះ Leopard ដ៏មានឥទ្ធិពលដែលគេមើលឃើញថាជាគន្លឹះក្នុងការវាយលុកតាមខ្សែត្រៀមរបស់សត្រូវ។
រដ្ឋាភិបាលក្រុងប៊ែរឡាំង ដែលត្រូវផ្តល់ការអនុញ្ញាតដើម្បីឱ្យបញ្ជូនរថក្រោះនេះទៅកាន់ប្រទេសអ៊ុយក្រែន បានទទួលរងការរិះគន់ចំពោះការខកខានមិនបានធ្វើការសម្រេចចិត្តដ៏មានសារៈសំខាន់នេះ។
បន្ទាប់ពីរងសម្ពាធនិងការជាប់គាំងអស់ជាច្រើនថ្ងៃ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា ប៊ែរបុក (Annalena Baerbock) កាលពីថ្ងៃអាទិត្យបាននិយាយថាអាល្លឺម៉ង់នឹងមិនឈរពាំងផ្លូវនោះទេ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាសូវីស្នើសុំឱ្យបញ្ជូនរថក្រោះ Leopard ។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាទូស ម៉ូរ៉ាវីកគី (Mateusz Morawiecki) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “យើងនឹងសុំការយល់ព្រមនេះ”។
លោកម៉ូរ៉ាវីកគីបាននិយាយថា “ទោះបីជាយើងមិនទទួលបានការយល់ព្រមបែបនេះនៅទីបញ្ចប់ក៏ដោយក៏យើងនឹងនៅតែផ្តល់រថក្រោះរបស់យើងឱ្យទៅអ៊ុយក្រែនឱ្យខាងតែបាននៅក្នុងក្រុមសម្ពន្ធប្រទេសតូចមួយ បើទោះបីជាអាល្លឺម៉ង់មិនស្ថិតក្នុងក្រុមចម្រុះនោះក៏ដោយ”។
ក្រោយមក អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក ព័រ មូលល័រ (Piotr Muller) បានប្រាប់ទូរទស្សន៍រដ្ឋថា សំណើផ្លូវការមួយគឺជា “កាយវិការដ៏សំខាន់ហើយយើងពិតណាស់នឹងអនុវត្តវានៅប៉ុន្មានថ្ងៃខាងមុខនេះ”៕
អ៊ុយក្រែនមើលឃើញរថក្រោះ Leopard របស់អាល្លឺម៉ង់ជាគន្លឹះសំខាន់ដើម្បីបណ្តេញកងទ័ពរុស្ស៊ី