ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនអ៊ុយក្រែននឹងរងទុក្ខវេទនាកាន់តែខ្លាំងបើសិនជាលោកខាងលិចបញ្ជូនរថក្រោះប្រយុទ្ធដើម្បីគាំទ្ររដ្ឋាភិបាលទីក្រុមគៀវ ចំពេលសម្ពន្ធមិត្តអាល្លឺម៉ង់កំពុងដាក់សម្ពាធអោយអាល្លឺម៉ង់បញ្ជូនរថក្រោះLeopardឬអនុញ្ញាតអោយសមាជិកក្នុងអង្គការណាតូបញ្ជូនរថក្រោះផលិតនៅអាល្លឺម៉ង់នេះទៅអោយកងកម្លាំងអ៊ុយក្រែន។
ក្នុងកិច្ចពិភាក្សាកាលពីសប្តាហ៍មុននៅអាល្លឺម៉ង់ អាម៉េរិកនិងសម្ពន្ធមិត្តរបស់ខ្លួនបានបរាជ័យក្នុងការបញ្ចុះបញ្ចូលអោយអាល្លឺម៉ង់ផ្តល់រថក្រោះប្រភេទនេះដល់អ៊ុយក្រែន ដែលវាជាការទាមទារសំខាន់មួយពីរដ្ឋាភិបាលទីក្រុងគៀវ នៅពេលខ្លួនប៉ុនប៉ងវាយដណ្តើមទឹកដីបាត់បង់ទៅរុស្ស៊ីមកវិញ។
រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបាននិយាយថា ខ្លួនមិនប្រញាប់ប្រញាល់អនុញ្ញាតអោយសម្ពន្ធមិត្តបញ្ជូនរថក្រោះLeopardsរបស់គេផ្ទាល់ទៅអោយអ៊ុយក្រែនទេ ទោះជាមានការមូលមតិគ្នាលើការបញ្ជូនរថក្រោះប្រយុទ្ធនេះរួចហើយក្តី។
នៅពេលត្រូវបានសួរអំពីបញ្ហានេះនៅសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទ អ្នកនាំពាក្យលោកឌីមីទ្រី ប៉េស្កូវ បាននិយាយាយថា ការបែកបាក់នៅអឺរ៉ុបអំពីថាត្រូវបញ្ជូនរថក្រោះអោយអ៊ុយក្រែនឬអត់ បានបង្ហាញ«ការរអើលកាន់តែខ្លាំងឡើងនៅក្នុងសម្ពន្ធភាពណាតូ។តែពិតណាស់ ប្រទេសចូលរួមទាំងអស់នោះទោះដោយផ្ទាល់និងប្រយោលនៅក្នុងការបង្ហូរសព្វាវុធចូលអ៊ុយក្រែននិងបង្កើនកំរិតបច្ចេកវិទ្យារបស់គេ នឹងទទួលខុសត្រូវចំពោះការបន្តជម្លោះនេះ»។
លោកបានបន្តថា«បញ្ហាធំគឺនៅត្រង់ថា ប្រជាជនអ៊ុយក្រែននឹងសងនូវតំលៃពីការគាំទ្រដ៏ឆ្គួតទាំងអស់នេះ»។
កាលពីដើមថ្ងៃចន្ទ នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា ប្រទេសលោកអាចបញ្ជូនរថក្រោះLeopardទៅអោយអ៊ុយក្រែន ជាផ្នែកនៃប្រទេសមួយក្រុមដោយមិនសុំការអនុញ្ញាតអីអាល្លឺម៉ង់ក្រោយពីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនជំទាស់ «បើប៉ូឡូញចង់បញ្ជូនរថក្រោះផលិតនៅអាល្លឺម៉ង់ដែលកំពុងប្រើប្រាស់ដោយកងកម្លាំងប៉ូឡូញធុនLeopard 2ទៅកាន់អ៊ុយក្រែន»។
សូមបញ្ជាក់ថា អ៊ុយក្រែនបាននិយាយថា ខ្លួនត្រូវការរថក្រោះរាប់រយគ្រឿងពីសម្ពន្ធមិត្តលោកខាងលិចដើម្បីធ្វើការវាយបកប្រឆាំងកងកម្លាំងរុស្ស៊ីហើយដណ្តើមយកទឹកដីដែលរុស្ស៊ីកំពុងកាន់កាប់មកវិញ។
នាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា«យើងត្រូវការរថក្រោះមិនមែន១០-២០គ្រឿងទេ តែជាច្រើនរយគ្រឿង។គោលដៅរបស់យើងគឺស្តារព្រំដែនឆ្នាំ១៩៩១ឡើងវិញនិងដាក់ទោសសត្រូវ ដែលនឹងសងនូវតំលៃចំពោះឧក្រិដ្ឋកម្មរបស់គេ»៕
រថក្រោះLeopardផលិតនៅអាល្លឺម៉ង់