ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប៉ូលីសរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា ជនរងគ្រោះទី ១១ បានស្លាប់ដោយសាររបួសកាលពីថ្ងៃចន្ទទី២៣មករាបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្មាន់កាំភ្លើងវ័យចំណាស់ម្នាក់នៅឯសាលរាំក្នុងតំបន់ទីក្រុងឡូសអ៊ែនជើឡេស ខណៈអាជ្ញាធរនៅតែកំពុងស្វែងរកមូលហេតុនៅពីក្រោយការបាញ់ប្រហារដ៏អាក្រក់បំផុតមួយរបស់រដ្ឋនេះ។
ប៉ូលីសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះឈ្មោះ ហ៊ូ កាន់ ចាន់ (Huu Can Tran)អាយុ ៧២ ឆ្នាំ។
លោក រ៉ូបឺត លូណា (Robert Luna)មេបញ្ជាការតំបន់ទីក្រុងឡូសអ៊ែនជើឡេស បាននិយាយកាលពីថ្ងៃអាទិត្យថា “អ្វីគ្រប់យ៉ាងគឺនៅលើតុ” ទាក់ទងនឹងហេតុផលសម្រាប់ការបាញ់ប្រហារនេះ។
លោកតម្រួតលូណាបានប្រាប់អ្នកសារព័ត៌មានថា “យើងមិនដឹងថាតើនេះជាឧក្រិដ្ឋកម្មសម្អប់ដែលកំណត់ដោយច្បាប់ឬយ៉ាងណាទេ។ ប៉ុន្តែតើអ្នកណាដើរចូលក្នុងសាលរាំហើយបាញ់សម្លាប់មនុស្ស២០នាក់?”។
ក្រុមមន្ត្រីបានធ្វើការរហូតដល់ថ្ងៃចន្ទដើម្បីព្យាយាមកំណត់អត្តសញ្ញាណមនុស្ស ១១ នាក់ដែលលោកចាន់បានសម្លាប់នៅឯបារ Star Ballroom Dance Studio ក្នុងទីក្រុងម៉ុនធឺរ៉េ ផាក (Monterey Park) ស្ថិតនៅចម្ងាយប្រហែល ១១ គីឡូម៉ែត្រពីភាគខាងកើតទីក្រុងឡូសអ៊ែនជើឡេស។
ភាពកម្រោលចូលរបស់លោកចាន់អាចកាន់តែអាក្រក់ទៅៗ។ ប្រហែល ២០ នាទីបន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងម៉ុនធឺរ៉េផាក លោកចាន់បានចូលទៅក្នុងក្លិបរាំ Lai Lai Ballroom & Studio ក្នុងទីក្រុងអាល់ហាមប្រា (Alhambra) នៅជិតនោះ។
នៅទីនោះ លោក ប្រ៊ែនដុន សាយ (Brandon Tsay) ជាអ្នកសរសេរសូវហ្វែ អាយុ ២៦ ឆ្នាំ ដែលជួយគ្រួសាររបស់គាត់បើកក្លិបរាំនេះ បានដណ្តើមយកកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិពីលោកចាន់។
លោកសាយបានប្រាប់កាសែត New York Times ថា “ពេលនោះ វាជាអារម្មណ៍ដឹងរឿងមិនល្អជាមុន”។
ប្រហែល ១២ ម៉ោងក្រោយមក មន្ត្រីប៉ូលិសនៅទីក្រុងថ័ររ៉ាន់ (Torrance) ស្ថិតនៅចម្ងាយ ៣២ គីឡូម៉ែត្រពីភាគនិរតីទីក្រុងម៉ុនធឺរ៉េផាកបានចូលទៅកៀករថយន្តដឹកទំនិញពណ៌សដែលលោកចាន់កំពុងបើកបរ។ ខណៈមន្ត្រីទៅជិតដល់រថយន្តនោះ គេបានឮសំឡេងកាំភ្លើងមួយគ្រាប់ពីខាងក្នុងខណៈលោកចាន់បានសម្លាប់ខ្លួន។
តម្រួតលូណាមិនបានកំណត់អត្តសញ្ញាណជនរងគ្រោះណាម្នាក់ទេ ប៉ុន្តែនិយាយថា បុរស៥នាក់និងស្ត្រីទាំង៥នាក់នោះទំនងជាមានអាយុចាប់ពី ៥០ ឆ្នាំ ទៅ ៦០ ឆ្នាំឡើងទៅ៕
ប៉ូលីសនៅជិតកន្លែងកើតហេតុនៃការបាញ់ប្រហារដ៏ធំនៅក្នុងទីក្រុងម៉ុនធឺរ៉េផាក រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣