​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឱ្យមាន “​សកម្មភាព​ជា​បន្ទាន់​និង​រួមគ្នា​” ដើម្បី​ការពារ​កុមារ​ពី​ថ្នាំ​កខ្វក់​បន្ទាប់ពី​មានការ​កើន​​ឡើង​ករណី​ស្លាប់​របស់​កុមារ​ដែល​ទាក់ទង​នឹង​ថ្នាំ​ក្អក​កាលពី​ឆ្នាំមុន​។​

WHO បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា នៅ​ឆ្នាំ ២០២២ កុមារ​ជាង ៣០០ នាក់ ដែល​ភាគច្រើន​មាន​អាយុ​ក្រោម ៥ ឆ្នាំ​នៅក្នុង​ប្រទេស​ហ្គាំ​ប៊ី ឥណ្ឌូនេស៊ី និង​អ៊ូ​ស​បេគី​ស្ថាន បាន​ស្លាប់​ដោយសារ​របួស​តម្រងនោម​ស្រួចស្រាល់ ដែល​ការស្លាប់​ទាំងនេះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ថ្នាំ​កខ្វក់​។​

​សេរ៉ូម​ក្អក​ទាំងនោះ​មាន​ជាតិគីមី Diethylene Glycol និង Ethylene Glycol កម្រិត​ខ្ពស់​។​

WHO បាន​និយាយថា “​សារធាតុ​កខ្វក់​ទាំងនេះ​គឺជា​សារធាតុ​គីមី​ពុល​ដែល​ត្រូវបាន​ប្រើប្រាស់​ជា​សារ​ធាតុរំលាយ​ក្នុង​ឧស្សាហកម្ម​និង​ជា​ភ្នាក់ងារ​បង្កក​ដែល​អាច​បណ្តាលឱ្យ​ស្លាប់​សូម្បី​តែ​ផឹក​ក្នុង​បរិ​​មាណ​តិចតួច​ក៏ដោយ ហើយ​មិន​គួរ​ត្រូវបាន​រកឃើញ​នៅក្នុង​ឱសថ​នោះឡើយ​”​។​

WHO និយាយថា ប្រទេស​ចំនួន​ប្រាំពីរ​បាន​រាយការណ៍​ថា​បាន​រកឃើញ​សេរ៉ូម​កខ្វក់​ក្នុង​រយៈពេល​បួន​ខែ​ចុងក្រោយ​នេះ​ហើយ​បាន​អំពាវនាវ​ឱ្យមាន​សកម្មភាព​នៅ​ទូ​ទាំង​រដ្ឋ​ជា​សមាជិក​ទាំង​១៩៤​របស់​ខ្លួន​ដើម្បី​ការពារ​ការស្លាប់​បន្ថែម​ទៀត​។​

WHO បាន​និយាយថា “​ដោយសារ​ទាំងនេះ​មិនមែន​ជា​ឧបទ្ទវហេតុ​ដាច់ដោយឡែក WHO អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ដែល​ចូលរួម​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ចាត់វិធានការ​ជា​​បន្ទាន់​និង​មាន​ការសម្របសម្រួល​”​។​

WHO បាន​ផ្ញើ​ការ​ជូនដំណឹង​អំពី​ផលិតផល​ជាក់លាក់​រួចហើយ​នៅ​ក្នុង​ខែ​តុលា​និង​ដើមខែ​នេះ ដោយ​ស្នើសុំ​ឱ្យ​ដក​ថ្នាំ​ទាំងនោះ​ចេញ​ពី​ធ្នើ សម្រាប់​ថ្នាំ​ក្អក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Maiden Pharmaceuticals និង​ក្រុមហ៊ុន Marion Biotech របស់​ឥណ្ឌា ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការស្លាប់​នៅ​ក្នុងប្រទេស​ហ្គាំ​ប៊ី​និង​អ៊ូ​ស​បេគី​ស្ថាន​រៀងៗ​ខ្លួន​។​

WHO ក៏​បាន​ចេញ​ការព្រមាន​កាលពី​ឆ្នាំមុន​ផងដែរ​ចំពោះ​ថ្នាំ​ក្អក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ឥណ្ឌូនេស៊ី​ចំនួន​បួន​គឺ PT Yarindo Farmatama, PT Universal Pharmaceutical, PT Konimex និង PT AFI Pharma ដែល​បាន​លក់​ក្នុងស្រុក​។​

​ក្រុមហ៊ុន​ពាក់ព័ន្ធ​មិន​បាន​បដិសេធ​ថា​តើ​ផលិតផល​របស់​ពួកគេ​មាន​ភាពកខ្វក់​ឬក៏​ចេញមុខ​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ ខណៈ​ការស៊ើបអង្កេត​កំពុង​បន្ត​៕

​សេរ៉ូម​ក្អក​ទាំងនោះ​មាន​ជាតិគីមី Diethylene Glycol និង Ethylene Glycol កម្រិត​ខ្ពស់