ដោយៈទេព មង្គល / សៀមរាបៈ ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច លោកអ្នកនាង តែងតែបានឃើញសកម្មភាពជាច្រើន របស់ក្រុមអ្នកសម្អាត អនាម័យ បរិស្ថាន នៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ បានឆ្លុះបង្ហាញឱ្យឃើញថា បច្ចុប្បន្ន រមណីយដ្ឋានអង្គរ មានអនាម័យស្រស់ស្អាត គ្មានសំរាម គឺមិនអាចខ្វះបានឡើយ ពីការចូលរួមរបស់ក្រុមអ្នកសម្អាត របស់អាជ្ញាធរជាតិ អប្សរា។

បើតាមប្រភពពីអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាៈ សកម្មភាពទាំងនោះ រួមមាន ការងារ ប្រមូលសំរាម បោសសម្អាតតាមប្រាសាទ តាមដងផ្លូវសាធារណៈ តាមតំបន់ព្រៃឈើ កាត់ស្មៅ កសិន្ធុទឹក ។ល។ ដើម្បីរក្សាបាននូវ សោភ័ណភាព និងអនាម័យ ធ្វើយ៉ាងណា ឱ្យរមណីយដ្ឋានអង្គរទាំងមូល ក្លាយជាគោលដៅ ទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញ ភ្ញៀវទេសចរ។

លោក ព្រះ ព្រិប ប្រធានក្រុមការងារសម្អាតបរិវេណមុខប្រាសាទអង្គរវត្ត និងភ្នំបាខែង បានឱ្យដឹងថាៈ នៅពេលព្រឹកព្រលឹម ក្រុមការងាររបស់លោក មានសមាជិកចំនួន ១៩ នាក់ តែងតែសម្អាតកាកសំណល់ថ្មីៗ តាមធុងសំរាម និងតាមដងផ្លូវ បន្ទាប់មក ទើបចាប់ផ្តើមការបោសសម្អាត សំរាមស្លឹកឈើ និងស្មៅ នៅតាមដងផ្លូវនានា។

លោក បានបន្តទៀតថាៈ ការងារបោសសំអាត និងបោចស្មៅ តែងតែធ្វើឡើងជាប្រចាំ នៅបរិវេណមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ជាដើម។

ចំណែក អ្នកស្រី អ៊ុត ញន ជាអ្នកបោសសម្អាតមួយរូប បានឱ្យដឹងថាៈ រយៈពេលជាង ៣ ឆ្នាំ មកហើយ ដែលអ្នកស្រី បានចូលរួមជាមួយ អាជ្ញាធរជាតិអប្សរា ក្នុងការងារជាអ្នក បោសសម្អាត នៅបរិវេណមុខប្រាសាទអង្គរ និងនៅតាមប្រាសាទ មួយចំនួនទៀត។

អ្នកស្រី បានបន្តថាៈ អ្នកស្រីមិនដែលខ្មាស់អៀនឡើយ ក្នុងការងារជាអ្នកបោសសម្អាត នៅតាមប្រាសាទ ផ្ទុយទៅវិញ អ្នកស្រីសប្បាយរីករាយ ដែលបានចូលរួមចំណែក ធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត គ្មានការបំពុល ដោយសំរាមគ្រប់ប្រភេទ។

អ្នកស្រី បានបន្តទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរ ដែលចូលមកទស្សនា តាមប្រាសាទនានា បានចូលរួមចំណែកយ៉ាងខ្លាំង ជាមួយក្រុមការងារសម្អាត ដោយពួកគាត់ មិនបានបោះចោលសំរាម ពាសវាលពាសកាល ដូចពេលមុនឡើយ ក្នុងនោះ ពួកគាត់តែងតែកោតសសើរ អំពីការខិតរបស់ អាជ្ញាធរជាតិអប្សរា ក្នុងការងារថែរក្សាអនាម័យ នៅរមណីយដ្ឋានអង្គរ។

បើទោះបីជាបច្ចុប្បន្ន ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីការទុកដាក់ សំរាម មានភាពល្អប្រសើរ ក៏ពិតមែន ប៉ុន្តែក៏នៅមានករណីតិចតួច ដែលភ្ញៀវទេសចរ តែងតែមើលរំលង និងមិនបានចូលរួម ដូចជា ការញែក ឬបោះសំរាម ទៅតាមធុងសំរាម ដែលមានសញ្ញាបង្ហាញ និងការបោះចោលសំរាម នៅក្រោមដើមឈើ ក្រោយពេល សម្រាក ឬអង្គុយលេងរួចជាដើម ដែលបញ្ហាទាំងនេះ ទាមទារឱ្យមានការចូលរួម សហការឱ្យបានល្អប្រសើរ ដើម្បីរមណីយដ្ឋានអង្គរ នៅតែរក្សាភាពស្រស់ស្អាត គ្មានសំរាមគ្រប់ប្រភេទ៕/V-PC