ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ពួកមន្ត្រីបាននិយាយថា មនុស្សប្រាំពីរនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារពីរផ្សេងគ្នាកាលពីរសៀលថ្ងៃចន្ទនៅកសិដ្ឋានដាំផ្សិតមួយនិងនៅក្រុមហ៊ុនដឹកជញ្ជូនមួយនៅក្នុងសហគមន៍ឆ្នេរសមុទ្រមួយនៅខាងត្បូងទីក្រុងសាន់ ហ្វ្រានស៊ីស្កូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។
មន្ត្រីខណ្ឌសាន់ ម៉ាតេអូ លោកដេវ ផាញ(Dave Pine)បាននិយាយថា មនុស្សបួននាក់ត្រូវបានសម្លាប់នៅកសិដ្ឋានដាំផ្សិតនិងបីនាក់នៅក្រុមហ៊ុនដឹកជញ្ជូននៅជាយក្រុងហាហ្វ មូនបេ( Half Moon Bay)ចម្ងាយប្រមាណ៤៨គីឡូម៉ែត្រខាងត្បូងក្រុងសាន់ ហ្វ្រានស៊ីស្កូ។
លោកផាញបាននិយាយថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យវ័យ៦៧ឆ្នាំឈ្មោះ ឈុនលី ចាវ(Chunli Zhao)ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។«ជនសង្ស័យធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូន »។
វាជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនៗលើកទីប្រាំមួយនៅឆ្នាំ២០២៣នេះ ក្រោយការបាញ់សម្លាប់មនុស្ស១១នាក់កាលពីយប់ថ្ងៃសៅរ៍ នៅក្លិបរាំមួយកាលីហ្វ័រញ៉ាខាងត្បូងចំពេលប្រជាជនចិននិងកាត់ចិនអបអរការចូលឆ្នាំថ្មី។
ការិយាល័យតម្រួតខណ្ឌសាន់ ម៉ាតេអូ បានទទួលរបាយការណ៍អំពីការបាញ់ប្រហារទីមួយនៅម៉ោង២កន្លះរសៀលនិងបានរកឃើញមនុស្សបួននាក់ស្លាប់ពីការត្រូវគ្រាប់កាំភ្លើង និងជនទីប្រាំរងរបួសនៅកន្លែងកើតហេតុ។ក្រោយនោះបន្តិច តម្រួតក៏បានរកឃើញមនុស្សបីនាក់ទៀតស្លាប់ដោយគ្រាប់កាំភ្លើងនៅទីតាំងទីពីរចម្ងាយប្រមាណ៨គីឡូម៉ែត្រពីគ្នា។
តម្រួតបិទខ្ទប់តំបន់កើតហេតុកាលពីថ្ងៃចន្ទទី២៣មករានិងព្យាយាមប្រមូលភស្តុតាង
នៅពីរម៉ោងក្រោយទទួលដំណឹងអំពីការបាញ់ប្រហារ តម្រួតបានរកឃើញជនសង្ស័យ ចាវ និងអាវុធនៅក្នុងរថយន្តរបស់គាត់។ជនសង្ស័យត្រូវបាននាំខ្លួនចូលកន្លែងឃុំឃាំងនិងត្រូវគេជឿថាបុរសនេះប្រព្រឹត្តបទល្មើសតែឯង។
ការិយាល័យតម្រួតមិនបានបញ្ជាក់ថាតើហេតុការណ៍បាញ់សម្លាប់ពីរនេះជាប់ពាក់ព័ន្ធគ្នាដែរឬអត់ និងហេតុផលនៅពីក្រោយការបាញ់ប្រហារក៏គេនៅមិនទាន់ដឹងដែរ។
ហាហ្វ មូនបេ ជាទីក្រុងឆ្នេរតូចមួយដែលមានប្រភពកសិកម្មនិងឥឡូវមានមនុស្សប្រមាណ១២.០០០នាក់រស់នៅ។ទីក្រុងនេះនិងតំបន់ខណ្ឌសាន់ ម៉ាតេអូនៅជុំវិញល្បីខាងដាំផ្កាព្រមទាំងបន្លែ និងមានដាំកញ្ឆាខ្លះផង។មនុស្សរស់នៅតំបន់នេះភាគច្រើនជាជនជាតិស្បែកស និងជនជាតិអាស៊ីត្រឹមតែប្រាំភាគរយប៉ុណ្ណោះ៕