ប្រែសម្រួល : កញ្ញាដាលីស (ហ្គាឌាន) ៖ តើ Leopard 2 ជាអ្វី?
Leopard 2 គឺជារថក្រោះប្រយុទ្ធដ៏សំខាន់ដែលផលិតដោយអាល្លឺម៉ង់ ដែលមានចម្ងាយបើកបរប្រហែល ៥០០ គីឡូម៉ែត្រ។ វាបានដាក់ឱ្យប្រើជាលើកដំបូងក្នុងឆ្នាំ ១៩៧៩ ហើយមានល្បឿនអតិបរមា ៦៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ បំពាក់ដោយកាណុង ១២០ មិល្លីម៉ែត្រជាអាវុធសំខាន់របស់វា វាក៏ត្រូវបានបំពាក់ដោយកាំភ្លើងយន្តធុនស្រាលចំនួនពីរផងដែរ។
ក្រៅពីប្រើប្រាស់ដោយយោធាអាល្លឺម៉ង់ រថក្រោះ Leopard 2ក៏បានបម្រើសេវាកម្មយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុបដែរដោយមានប្រទេសជាង១០ប្រើប្រាស់រថក្រោះនេះក៏ដូចជាប្រទេសនៅទ្វីបដទៃមួយចំនួនទៀតដែរ រួមទាំងកាណាដា។ រថក្រោះនេះត្រូវបានដាក់ពង្រាយនៅកូសូវ៉ូ បូស្ន៊ី អាហ្វហ្គានីស្ថាន និងស៊ីរី (ដោយតួកគី) ជាកន្លែងដែលរថក្រោះនេះមួយចំនួនត្រូវបានបាត់បង់ដោយសារមីស៊ីលប្រឆាំងរថក្រោះ។
ហេតុអ្វីបានជាអ៊ុយក្រែនចង់បានពួកវា?
អ៊ុយក្រែនបាននិយាយថា ខ្លួនមានតម្រូវការជាបន្ទាន់សម្រាប់គ្រឿងសឹកធុនធ្ងន់ក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ រដ្ឋាភិបាលក្រុងគៀវមានរថក្រោះដែលអាចរកបាននៅមានកម្រិត ដែលភាគច្រើនមានប្រភពពីសម័យសូវៀតឬក្រោយសម័យសូវៀត។
ដោយអះអាងឡើងវិញនូវជំនឿរបស់ខ្លួនថា រដ្ឋាភិបាលក្រុងមូស្គូមានបំណងបើកការវាយលុកថ្មីដ៏សំខាន់នៅក្នុងប៉ុន្មានខែខាងមុខ រដ្ឋាភិបាលក្រុងគៀវនិងសម្ពន្ធមិត្តជាច្រើនជឿថាសង្គ្រាមនឹងបញ្ចប់កាន់តែលឿន ប្រសិនបើរុស្ស៊ីចាញ់នៅលើសមរភូមិក្នុងការវាយបករបស់អ៊ុយក្រែន ដើម្បីដណ្តើមមកវិញនូវទឹកដីកាន់កាប់ដោយរុស្ស៊ី។
ខណៈអ៊ុយក្រែនបានទទួលជ័យជម្នះយ៉ាងសំខាន់នៅក្នុងសមរភូមិសម្រាប់ទីក្រុងគៀវនៅដើមសង្គ្រាមក៏ដូចជានៅតំបន់ខាគីវនិងជុំវិញទីក្រុងឃើសុននៅភាគខាងត្បូង អ៊ុយក្រែនឥឡូវត្រូវបានរារាំងដោយកង្វះរថក្រោះដើម្បីគាំទ្រប្រតិបត្តិការរបស់ខ្លួននិងប្រឈមមុខនឹងកងកម្លាំងរុស្ស៊ី ដែលកាន់តែខ្លាំងឡើងដោយសារតែមានរថក្រោះ T-90 ដែលកាន់តែទំនើបនិងមានសមត្ថភាពខ្ពស់។
ការអាចរកបានយ៉ាងទូលំទូលាយនៃរថក្រោះ Leopard 2 រួមទាំងនៅក្នុងប្រទេសប៉ូឡូញជិតខាងដែលចង់ផ្គត់ផ្គង់ពួកវាទៅអ៊ុយក្រែន បានធ្វើឱ្យពួកវាស័ក្តិសមបំផុតសម្រាប់រដ្ឋាភិបាលក្រុងគៀវ។
អ៊ុយក្រែនបានស្នើសុំរថក្រោះ ៣០០ គ្រឿង ខណៈអ្នកវិភាគលោកខាងលិចលើកឡើងថា រថក្រោះតែ ១០០ គ្រឿងនឹងអាចផ្លាស់ប្តូរតុល្យភាពសង្គ្រាមនេះបានហើយ។
ដូច្នេះតើមានបញ្ហាអ្វីកើតឡើង?
ដោយសាររថក្រោះនេះត្រូវបានផ្គត់ផ្គង់ឱ្យទៅបណ្តាប្រទេសនានាដែលស្ថិតក្រោមអាជ្ញាប័ណ្ណនាំចេញ អាល្លឺម៉ង់អាចវេតូការនាំចេញឡើងវិញទោះបីជាប៉ូឡូញបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនអាចមិនអើពើនឹងអាល្លឺម៉ង់ ហើយនាំចេញរថក្រោះ Leopard 2របស់ខ្លួនឱ្យខាងតែបាន។
ជំហរផ្ទាល់របស់អាល្លឺម៉ង់គឺមានភាពប្រទាំងប្រទើស។ អាល្លឺម៉ង់ចង់បានវិធីសាស្ត្រពហុភាគីលើការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ជាជាងឱ្យគេមើលឃើញថាខ្លួនកំពុងធ្វើចំណាត់ការដោយឯកតោភាគី។
ទោះបីជាអាល្លឺម៉ង់បានផ្គត់ផ្គង់បរិក្ខារជាច្រើនដល់អ៊ុយក្រែន រួមទាំងរថពាសដែកធុនស្រាលក៏ដោយក៏ប្រទេសនេះនៅកំពុងជំពាក់វាក់វិនជាមួយនឹងប្រពៃណីប្រឆាំងរបបយោធានិយមក្រោយសង្គ្រាមលោកលើកទីពីរផងដែរ។ ការផ្គត់ផ្គង់រថក្រោះប្រយុទ្ធសំខាន់ៗត្រូវបានគេមើលឃើញថាមានបញ្ហា ដោយសារតែសមត្ថភាពវាយលុកសាហាវរបស់ពួកវា។
អាល្លឺម៉ង់បានព្យាយាមភ្ជាប់ការផ្គត់ផ្គង់រថក្រោះ Leopard ទៅនឹងសម្ពន្ធភាពដ៏ធំទូលាយមួយ ដែលនឹងផ្គត់ផ្គង់រថក្រោះផ្សេងទៀតដែរ រួមទាំងរថក្រោះរបស់អាម៉េរិក Abramជារថក្រោះដែលអ្នកជំនាញចាត់ទុកថាមិនសមសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដោយសារការស៊ីប្រេងឥន្ធនៈច្រើនរបស់វា។
តើអ្វីជាអំណះអំណាងប្រឆាំងនឹងការផ្គត់ផ្គង់រថក្រោះនេះ?
អ្នកប្រឆាំងជឿថាការផ្គត់ផ្គង់រថក្រោះនឹងក្លាយជាការកើនឡើងនៃការចូលរួមរបស់ប្រទេសណាតូក្នុងសង្គ្រាម ដោយបង្កើនហានិភ័យនៃការរីករាលដាលនៃសង្គ្រាម។ អ៊ុយក្រែនបាននិយាយថាខ្លួននឹងប្រើប្រាស់រថក្រោះនេះតែនៅក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួនប៉ុណ្ណោះ ខណៈអ្នកគាំទ្របាននិយាយថា វាជារដ្ឋាភិបាលក្រុងមូស្គូទេ ដែលបានបន្តបង្កើនជម្លោះដោយកេណ្ឌកងទ័ពបន្ថែមទៀត ដាក់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ពន្ធស៊ីវិល និងគំរាមវាយប្រហារនុយក្លេអ៊ែរ៕
អ៊ុយក្រែនត្រូវការរថក្រោះ ៣០០ គ្រឿង ជាពិសេស រថក្រោះ Leopard 2 ដើម្បីបណ្តេញកងទ័ពរុស្ស៊ី