ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ គឺជាថ្ងៃចុងក្រោយ នៃការទទួលពាក្យ សុំចុះបញ្ជីគណបក្សនយោបាយ ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

ក្នុងរយៈពេល ៥ថ្ងៃ នៃការទទួលពាក្យនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ទាំង ៣ បានទទួលពាក្យសុំពី គណបក្សនយោបាយ ចំ​នួន ៣ គណបក្សប្រជាជនកម្ពុជា​ គណបក្សហ៊្វុនស៊ិនប៉ិច​ និងគណបក្សភ្លើងទៀន ដែលបានដាក់ពាក្យសុំចូលរួម ប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

អនុលោមតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ត្រូវពិនិត្យ សម្រេចលើពាក្យ សុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។ ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់ គណបក្សនយោបាយ ពុំបានបំពេញលក្ខខណ្ឌ ដូចមានចែងក្នុងប្រការ ២.៣៦ រហូតដល់ប្រការ ២.៤១ គធ.ខប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ សាមីគណបក្សនយោបាយ ត្រូវបំពេញលក្ខខណ្ឌ ឬកែតម្រូវចំណុចដែលខ្វះខាត យ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានលិខិត ជូនដំណឹងនេះ៕/V/R