ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃគម្រោងប្រតិបត្តិការ និងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនំា ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។

លោកប្រធាន និងសមាជិក សមាជិកា នៃអង្គប្រជុំ បានពិនិត្យមើលបន្ទប់ស្ទូឌីយូ បន្ទប់កាត់ត បន្ទប់បញ្ចូលសម្លេង និងបន្ទប់បណ្តុះបណ្តាល នៅ EBC ។ តាមរបាយការណ៍ EBC បាននិងកំពុងផលិតមាតិកាអប់រំឌីថល អភិវឌ្ឍថ្នាលគ្រប់គ្រងមាតិកាឌីជីថល និងថ្នាលអប់រំបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកជំរុញវិស័យអប់រំ ប្រកបដោយគុណ ភាព បានទូលំទូលាយដល់គ្រូ និងសិស្សានុសិស្ស ទូទំាងប្រទេស។ EBC គឺជាគម្រោង រួមគ្នារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ដោយទទួលបានជំនួយឥតសំណង ពីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (MSIT) នៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយស្ថានីយផ្សព្វផ្សាយអប់រំកូរ៉េ (EBS)។

ក្នុងអង្គប្រជុំ លោក សុខ ពុទ្ធិវុធ បានគូសបញ្ជាក់ ពីសារៈសំខាន់នៃការបង្កើត EBC ជាពិសេស ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលបានពន្លឿនការចាប់យកបច្ចេកវិទ្យា ឌីជីថល សំដៅអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាលផ្សេងៗ នៅកម្ពុជា។ បន្ថែមលើនេះ គម្រោងនេះ ក៏ជាសកម្មភាពអាទិភាពមួយ ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថល ប្រកបដោយបរិយាបន្ន។

បច្ចុប្បន្ននេះ EBC បានផលិតវីដេអូមាតិកាអប់រំ ជាច្រើនប្រភេទ បានចំនួន ៤.៩៥៤ ភាគ ក្នុងនោះ មានវីដេអូ បង្រៀនកម្មវិធីថ្នាក់ទី៧ ដល់ ថ្នាក់ទី១២ និងកំពុងអនុវត្តគម្រោង សាកល្បង សម្រាប់សិក្សាតាមអ៊ីនធឺណិត ជាមួយវិទ្យាល័យ ហ៊ុន សែន សេរីភាព (ក្រុងតាខ្មៅ) ដែលមានសិស្ស សរុបជាងប្រំាពាន់នាក់​។ EBC បានរៀបចំបន្ទប់ចំនួនពីរ ដែលបំពាក់ដោយកុំព្យូទ័រយួរដៃ ២៥ គ្រឿង ថេបប្លេត ២៥ គ្រឿង និងសម្ភារៈចំាបាច់ មួយចំនួន ព្រមទំាង តម្លើងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សេវាអ៊ីនធឺណិត គ្របដណ្តប់បរិវេណ សាលាទំាងមូល។

​បន្ទាប់ពីកិច្ចពិភាក្សា យ៉ាងល្អិតល្អន់ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបូកសរុប និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព នៃគម្រោង EBC ជាពិសេសលទ្ធផល នៃការដាក់ឱ្យសាកល្បង សម្រាប់សិក្សាតាម អ៊ីនធឺណិត នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ព្រមទំាងសង្ឃឹមយ៉ាងមុតមំា ទៅលើការពង្រីកគម្រោងនេះ ដល់សាលារៀនទូទំាងប្រទេស នាពេលអនាគត ដ៏ខ្លីខាងមុខ៕/V/R