ដោយៈ បាយ័ន/សៀមរាបៈ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបន្ដជ្រើសរើសប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាប ដែលជាកន្លែងដើរកំសាន្ដថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន ក្នុងរយ:ពេល២ថ្ងៃមានចំនួនជាង៧ម៉ឺននាក់។

មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ គិតចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២.៩១៥នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៦៤.០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារទៅកាន់រមណីយដ្ឋាននានា ក្នុងនោះ រមណីដ្ឋានអង្គរ មានចំនួនប្រមាណ ៤២.៥០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ៥.៦០០នាក់ តំបន់ទន្លេសាប មានចំនួនប្រមាណ ២.៥០០នាក់។

សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ១៣.៤០០នាក់។ ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨.៩១៥នាក់ផងដែរ។

អ្នកទេសចរ មកកំសាន្ដនៅប្រាសាទអង្គរ បានលើកឡើងថា ក្នុងរមណីយដ្ឋានអង្គរ ជាកន្លែងដើរកំសាន្ដមុនគេ នៅពេលទៅដល់ខេត្ដសៀមរាប មិនថាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ឬចូលឆ្នាំខ្មែរនោះទេ ព្រោះពួកគាត់ចង់ឃើញ ចង់ដឹងពីការកសាងអង្គរនៃបុព្វបុរស់ខ្មែរ ខណ:ដែលប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្ដឆ្ងាយៗ មិនទាន់ស្គាល់ប្រាសាទអង្គរនៅឡើយទេនោះ។

ពួកគាត់បានបន្ដថា ការបានទៅទស្សនាប្រាសាទអង្គរ ដែលជាកេរ្តិ៍តំណែលវប្បធម៌ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យ គឺមិនអាចរំលងបានឡើយ មានប្រាសាទចំនួនបីដែលអ្នកទេសចរណ៍ភាគច្រើនទៅកំសាន្ត រួមមានប្រាសាទអង្គវត្ដ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។ ពួកគាត់បានសម្ដែងមោទកភាព ដែលបានទៅកំសាន្ដ នៅខេត្ដសៀមរាប ហើយបានលើកឡើងថា ប្រាសាទអង្គរ មានសោភណ្ឌភាពស្រស់ស្អាតទាំងបរិស្ថាន អនាម័យ ជាពិសេសប្រាង្គប្រាសាទបុរាណ៕/R