ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(Camsoc) បានត្រៀមខ្លួនរួចរាល់អស់ហើយ ចំពោះការរាប់ថយ ក្រោយ ១០០ ថ្ងៃ នាថ្ងៃទី២៥ មករា ២០២៣ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ សម្រាប់ការមកដល់ នៃព្រឹត្តិការណ៍លើកទី៣២។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានបញ្ជាក់ថាៈ ពិធីរាប់ថយក្រោយ នេះ នឹងមានភាពឱឡារឹក ជាមួយនឹងការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ នៅគ្រប់បណ្ដាញសារព័ត៌មាន និងការចូលរួមពីស្រទាប់មហាជន។ ពិធីនេះ កម្ពុជា ក៏បានអញ្ជើញនាយបេសកកម្មស៊ីហ្គេម នៃបណ្ដាប្រទេសអាស៊ាន ទាំងអស់ មកចូលរួមពិធីរាប់ថយក្រោយ ១០០ ថ្ងៃ ដើម្បីជាសក្ខីភាពបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួន រួចរាល់អស់ហើយ។

កម្មវិធីរាប់ថយក្រោយ នឹងធ្វើចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី២៥ មករា តទៅ។ គ្រប់ផ្នែកទាំងអស់ បានត្រៀមខ្លួនរួចរាល់ ទាំងផ្នែកសម្ដែងសិល្បៈវប្បធម៌ និង ក្រុមកីឡា ជាង ១.០០០ នាក់ ក្រៅពីមានការចូលរួម នៃនាយបេសកកម្មស៊ីហ្គេម នៃប្រទេសអាស៊ាន ក៏មានការប្រជុំប្រដាល់ឝុនខ្មែរអន្តរជាតិ ដែលមានសមាជិក ចូលរួម ប្រមាណ ១០០ នាក់ផ្សេងទៀត ហើយអ្នកទាំងនោះ ក៏នឹងចូលរួមកម្មវិធី រាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីបង្ហាញ អន្តរជាតិថា ” កម្ពុជាត្រៀមខ្លួនរួចរាល់ ” (Cambodia is Ready)​ ។

កម្ពុជាក៏រៀបចំខ្សែទស្សនកិច្ច ដើម្បីត្រួតពិនិត្យចុងក្រោយ នូវកន្លែងហូបចុក កន្លែងស្នាក់នៅ និងកន្លែងប្រកួត រួមជាមួយកន្លែងហ្វឹហាត់។ អ្វីដែលសំខាន់ទៀត នោះ កម្ពុជា ក៏នឹងបង្ហាញពីកម្លាំងការពារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីផ្ដល់នូវភាពកក់ក្ដៅ ដល់ប្រតិភូទាំងអស់។

លោក វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់សិស្សានុសិស្ស ចូលរួមក្នុងកម្មវិធីរាប់ថយ ក្រោយ ១០០ ថ្ងៃនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យបានច្រើនកុះករ៕/V/R