ដោយ: បាយ័ន/សៀមរាបៈ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ ខេត្តសៀមរាបបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្រូវដែលបានស្ដារឡើងវិញដោយរងផលប៉ះពាល់កាលពីជំនន់ទឹកភ្លៀងកន្លងមក នៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ដោយមានការចូលរួមពី អ្នកពាក់ព័ន្ធ និងកសិករភូមិជ្រោយនាងងួន។

លោក អភិបាលរងស្រុកបានបញ្ជាក់ថាក្រោយពីជំនន់ទឹកភ្លៀងពីចាប់ពីខែកញ្ញាដល់ខែតុលា ឆ្នាំ២០២២ បានធ្វើឱ្យស្រូវនៅឃុំជ្រោយនាងងួនចំនួន១.០១៣ហិចតារងការខូចខាត។ បន្ទាប់ពីទឹកបានស្រក ក្រុមការងារគ្រប់គ្រងគ្រោះមហន្តាយថ្នាក់ជាតិនិងថ្នាក់បានផ្តល់ពូជស្រូវចំនួន១១១,៥០តោន ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងការស្តារឡើងវិញ។

ជាមួយនឹងការស្តារឡើងវិញរបស់កសិករភូមិជ្រោយនាងងួននេះ ឃើញថាស្រូវទទួលលទ្ធផលល្អប្រសើរដែលធ្វើនឹងទទួលផលបានច្រើនផងដែរ។ ទន្ទឹមនឹងនេះ ប្រជាកសិករក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស អភិបាលខេត្តដែលបានចុះមកពិនិត្យ ផ្ទាល់ និងជួយដោះស្រាយបានទាន់ពេលវេលា៕/R