ដោយៈ ប.ខុន / ភ្នំពេញៈ ទោះបីជាពេលនេះ ចរន្តទឹកហូរចេញពីបឹងទន្លេសាប ខ្សោយយ៉ាងណាក៏ដោយ ក៏អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយត្រី ជួលពីរដ្ឋបាលជលផល នៅតែរំពឹងថា ផល ចាប់ត្រី សម្រាប់ប្រហុកផ្អក អាចនៅចាប់បានច្រើនម្តងទៀត ក្នុងខ្នើត ខែមាឃនេះ ដោយយោងទៅតាម ស្ថានភាពកម្ពស់ទឹក នៅបឹងទន្លេសាប នៅសល់រហូតដល់ជាង ៣ ម៉ែត្រនោះ។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថាៈ ផលចាប់ត្រីនៅតាមគន្លងដាយ ធ្វើអាជីវកម្មនេសាទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឆ្នាំ២០២២-២០២៣ បានចំនួន ប្រមាណជា១.០០៧ តោន ជាចំនួន មានការកើនឡើងមកវិញ បន្ទាប់ពីផលចាប់ បានច្រើនបែបនេះ ខកខានឃើញពីរ បី ឆ្នាំចុងក្រោយនេះរួចមក ។ តែនៅក្នុងខ្នើត ខែមាឃនេះ មិនទាន់ឃើញមានត្រី សម្រាប់ធ្វើប្រហុកផ្អក ចុះមកនៅឡើយទេ ហើយស្ថានភាពទឹកហូរ ក៏ខ្សោយ ជាងខ្នើតខែបុស្សដែរ។

លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយជួលពីរដ្ឋបាលជល ផល បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថាៈ មកដល់ថ្ងៃ ៣កើត ខែមាឃនេះ នៅមិនទាន់ឃើញមានហ្វូងត្រី សម្រាប់ធ្វើប្រហុកផ្អក ចុះមក នៅឡើយទេ។ ស្ថានភាពទឹក ពេលនេះ ហូរខ្សោយ នៅគន្លងដាយខ្លះ បានប្តូរសាច់ ដាយ ពីក្រឡារង្វើល មកដាក់ក្រឡាញឹក ហើយចាប់ត្រី ដោយវិធីបិទមាត់ដាយ កៀរវិញម្តង។ ត្រីសម្រាប់ធ្វើប្រហុកផ្អកអាចនៅចាប់បានក្នុងខ្នើតនេះម្តងទៀត។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២៤ ខែមករាថាៈ ស្ថានភាពទឹកនៅបឹងទន្លេសាប ថ្ងៃនេះ មានកម្ពស់ប្រហាក់ ប្រហែល នឹងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ តែចរន្តទឹកហូរចេញពីបឹងទន្លេសាប ខ្សោយ ដោយសារទឹកនៅចតុមុខ នៅខ្ពស់។ ទោះជាយ៉ាងណា ក៏ទឹកនៅតែបន្តហូរចេញ ដោយល្បឿនខ្សោយ។ នៅថ្ងៃទី២៤ ខែមករា នេះ ទឹកនៅស្ថានីយជលសាស្ត្រក្រគរ កំពង់លួង នៅសល់កម្ពស់ ៣,១៧​ ម៉ែត្រ ឯទឹកនៅចតុមុខ មានកម្ពស់ ២,៨៦ ម៉ែត្រ កម្ពស់ខុសគ្នា តែបន្តិចប៉ុណ្ណោះ៕/V-PC