ដោយៈ បាយ័ន / សៀមរាបៈ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញ ឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ ប្រាង្គកណ្តាល នៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម នឹងយកជើងទម្របដិមាធំមួយ ដែលត្រូវបានរំកិលចេញ កាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាល នៃប្រាសាទតាព្រហ្ម ដែលការងារនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ។

ប្រភពពីអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៤ ខែមករា នេះ បានឱ្យដឹងថាៈ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុល ប្រាសាទតាព្រហ្ម លោក Sing Sood បានមានប្រសាសន៍ថា ថ្មកម្រាល ទីតាំងនេះ បានបែកបាក់ច្រើនអន្លើរ និងចល័តខុសពីតាំងដើម បន្ថែមពីលើនោះ មានថ្មកំពូលតួប្រាង្គប្រាសាទនេះ ក៏បានរលុះធ្លាក់មកខាងក្រោម នៅរាយប៉ាយ ជាមួយនឹងជើងទម្រ។ លោកបណ្ឌិតបន្តថា កន្លងមក ដើម្បីសម្រួលចរាចរ ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានរំកិលជើងទម្រនេះ ចេញទៅទីតាំងមាន សុវត្ថិភាព និងក្រាលកម្រាលឈើពីលើ ដើម្បីឱ្យភ្ញៀវឆ្លងកាត់។ ប៉ុន្តែ មកដល់ បច្ចុប្បន្ន កម្រាលឈើ​ បានពុកផុយ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរផង និងលើកតម្លៃទីតាំងនេះឡើងវិញ ទើបស្ថាប័នទាំងពីរ សម្រេចជួសជុលកម្រាល ថ្មភក់ ឡើងវិញ។

លោក Sing Sood បានមានប្រសាសន៍ទៀតថាៈ ជាដំបូង ក្រុមការងារ បានធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម ប្រសិនរកឃើញមានថ្មដំបូល ដែលជ្រុះធ្លាក់មកទីតាំងនេះ ក្រុមការងារ នឹងយកទៅដាក់ នៅទីតាំងដើមវិញ។ អ្នកជំនាញរូបនេះ បានបន្តថាៈ បន្ទាប់ពីរៀបចំ កម្រាលថ្មភក់ បានល្អប្រសើរឡើងវិញហើយ នឹងយកជើងទម្រ ដែលគេជឿថា សម្រាប់តម្កល់បដិមា ប្រាជ្ញាបារមី មកតម្កល់នៅទីតាំងនេះឡើងវិញ ហើយភ្ញៀវ ទេសចរ ក៏បានដើរឆ្លងកាត់ ដោយមានសុវត្ថិភាព ព្រមទាំងបានស្វែងយល់កាន់តែ ច្បាស់ ពីស្ថានភាពដើមប្រាង្គកណ្តាល របស់ប្រាសាទតាព្រហ្មនេះ ពីព្រោះ ទីតាំងនេះ មានភាពល្បីល្បាញ ហើយជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញចូលឆ្លងកាត់ទៅទស្សនាទីនេះ មិនលុះពេល ។

លោក Sing Sood បានបញ្ជាក់ថាៈ តួប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្ម នេះ មានលក្ខណៈពិសេស ដែលមានស្លាកស្នាមបិទកំបោរបាយអរ ដែលមាន នៅសេសសល់ មកដល់សព្វថ្ងៃ ដែលលោក Sing Sood សន្និដ្ឋានថា កាលពីសម័យកសាងប្រាង្គកណ្តាលនេះ អាចគេបិទមាស ឬប្រាក់ទៀតផង៕/V-PC