ប្រែសម្រួល : កញ្ញាដាលីស (CNA) ៖ យោងតាមសារព័ត៌មានCNN បានឱ្យដឹងថាអ្នកកាប់ជ្រូកម្នាក់បានស្លាប់ពេលកំពុងព្យាយាមសម្លាប់ជ្រូកនៅឯទីសត្តឃាតមួយក្នុងសង្កាត់សៀងស៊ុយ (Sheung Shui)ក្នុងទីក្រុងហុងកុងកាលពីថ្ងៃសុក្រ ទី២០ ខែមករា។
បុរសអាយុ ៦១ ឆ្នាំរូបនោះកំពុងត្រៀមសម្លាប់ជ្រូកដោយកាំបិតបន្ទាប់ពីបានបាញ់វាអោយសន្លប់ដោយកាំភ្លើងអគ្គិសនី តែនៅពេលជ្រូកដឹងខ្លួនឡើងវិញ ហើយបានស្ទុះបុកគាត់មួយទំហឹង។
ប៉ូលីសហុងកុងបានប្រាប់CNNថា ការវាយប្រហារនេះបានឃើញបុរសនោះដួលទៅនឹងដីហើយរងរបួសដោយកាំបិតរបស់គាត់បណ្តាលឱ្យស្លាប់។
សហសេវិកម្នាក់បានប្រទះឃើញបុរសនោះសន្លប់ដោយកាន់កាំបិតនៅនឹងដៃរបស់គាត់ហើយបានកត់សម្គាល់ឃើញមានស្នាមដាច់រយះយ៉ាងធំនៅលើជើងរបស់គាត់។គាត់ត្រូវបានយកទៅមន្ទីរពេទ្យក្បែរនោះ ហើយក្រោយមកត្រូវបានប្រកាសស្លាប់។
នាយកដ្ឋានការងាររបស់ហុងកុងបានចាប់ផ្តើមការស៊ើបអង្កេតមួយដោយអ្នកនាំពាក្យម្នាក់បានប្រាប់CNN ថា “នាយកដ្ឋានការងារមានការសោកស្ដាយចំពោះការស្លាប់របស់បុគ្គលនោះ និងសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះគ្រួសាររបស់គាត់”។
“យើងនឹងបំពេញការស៊ើបអង្កេតឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ ដើម្បីគូសបញ្ជាក់ពីការទទួលខុសត្រូវរបស់អ្នកកាន់កាតព្វកិច្ចនិងផ្តល់អនុសាសន៍លើវិធានការកែលម្អសុវត្ថិភាព”៕