ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកស្រី សៀង ចាន់ហេង យល់ព្រមប្រគល់ជីវិវាទទំហំ ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។

កាលពីថ្ងៃទី២៣ ខែមករាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំដោះស្រាយបញ្ចប់វិវាទ​ដីធ្លីរវាងលោកស្រី សៀង ចាន់ហេង ជាមួយលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ស្ថិតនៅចំណុចចន្លោះទំនប់ ៩៤-៩៦ និងចន្លោះខ្សែស្រប ៥៤-៥៦៥៧ ក្នុងភូមិសាស្ត្រភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

កិច្ចប្រជុំមានការចូលរួមពីលោក ឡោ ដាវុធ រដ្ឋលេខាធិការ លោក សេង ឡូត អគ្គនាយករដ្ឋបាល លោក សួន សូផា អគ្គនាយកសុរិយោដី និង ភូមិសាស្ត្រ លោក សេង សុវណ្ណរ័ត្ននា អគ្គនាយករងរដ្ឋបាល លោកជំទាវ ហ៊ុន ប៊ុនធឿន លោកជំទាវ ហៀវ លន់ លោកជំទាវ សៀង ចាន់ហេង។

ភាគីវិវាទបានឯកភាពគ្នាដូចខាងក្រោម ៖
១.លោកស្រី សៀង ចាន់ហេង ទទួលស្គាល់និងប្រគល់ជីវិវាទទំហំ ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដូចមានផែនទីបង្ហាញទីតាំងដីភ្ជាប់ជាឧបសម្ព័ន្ធកិច្ចព្រមព្រៀងនេះ ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។

២. លោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ យល់ព្រមទទួលដីដែលប្រគល់ជូនខាងលើ។

៣. ភាគីទាំងពីរយល់ព្រមដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿង រក្សាការពារទាំងអស់យ៉ាងយូរពីរសប្ដាហ៍គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះកាលពីពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ថ្ងៃនេះ​មានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេច​ស ខេង និងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃទី ២៩ខែធ្នូ ឆ្នាំ ២០២២ ដោយនៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង សម្តេចបានប្រគល់ជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ ហើយ ដើម្បីបញ្ចប់នូវភាពមិនច្បាស់​លាស់មុនពេលមានការ ផ្តល់មតិ សម្តេចសម្រេចលុបចោល ស.ជ.ណ លេខ១៨ មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចយ៉ាងណាទៀតនឹងធ្វើក្រោយពេល លោក ជា សុផារ៉ា ផ្តល់មតិ។

ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលន​វត្ថុរបស់​ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ប្រគល់សមត្ថកិច្ចឱ្យ​ស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យ​អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។ នេះបើយោង​តាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកកែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ជូនសម្តេចក្រឡាហោម ស ខេង និងអភិបាលខេត្តកណ្តាល ស្តីពីករណីប្រើប្រាស់ឯកសារ​ក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល៕សរន