ដោយៈសុវណ្ណកុម្ភៈ / ភ្នំពេញ: លោក វ៉ាត់ ចំរើនអគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ នៅថ្ងៃទី២៤ មករា ២០២៣ ម្សិលមិញនេះ នៅតែរក្សាពីជំហរប្រើពាក្យគុនខ្មែរ (Kun Khmer) ជំនួសពាក្យ Muay សម្រាប់ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានពន្យល់ថាៈ “ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាមានសិទ្ធិរក្សា និងប្រកាន់គោលការណ៍អត្តសញ្ញាណជាតិរបស់ខ្លួន”។ លោកបានបន្តថាៈ ចំពោះថៃ មានសិទ្ធិមិនចូលរួមប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តែកម្ពុជា ក៏មានសិទ្ធិមិនចូលរួមប្រកួត Muay ក្នុងស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះបន្តវេនពីកម្ពុជាដែរ។

លោកបានបញ្ជាក់ថាៈ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាមានក្ដីសោមនស្សរីករាយ ក្នុងការផ្លាស់ប្ដូរឈ្មោះប្រដាល់គុនខ្មែរ ក្នុងនាមជាម្ចាស់ក្បាច់គុនបូរាណខ្មែរ និងជាប្រភេទកីឡាអត្តសញ្ញាណជាតិ។ ការប្រកាសជំហរបែបនេះបានទទួលការអបអរសាទរ ពីប្រជាជនកម្ពុជាទូទាំងប្រទេស។

ការប្រើប្រាស់ពាក្យ “គុនខ្មែរ” ជំនួសពាក្យ “Muay” នៅតែដំណើរការដោយរលូន ព្រោះកម្ពុជាបានទទួលការគាំទ្រ និងចូលរួមពីប្រទេសចំនួន ៦ រួចហើយ ដូចជា ឥណ្ឌូណេស៊ី វៀតណាម ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី។

តាមធម្មនុញ្ញស៊ីហ្គេម ដែលជាគោលការណ៍កំពូលរបស់ស៊ីហ្គេម ឲ្យតែមាន ៤ ប្រទេសគាំទ្រនិងចូលរួម គឺអាចដាក់ឲ្យប្រកួតបានហើយ៕/V-PC