ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ នៅសាលប្រជុំ សាលាស្រុកភ្នំស្រុក លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត បន្ទាយមានជ័យ បានអញ្ជេីញសំណេះ សំណាលជាមួយ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន ១៥០ នាក់ ព្រមទាំងបាននាំយកអំណោយកុំព្យូទ័រ (Computer) ចំនួន១៥ គ្រឿង ជាអំណោយលោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ទៅផ្តល់ជូនដល់សាលាបឋម សិក្សាចំនួន ១៥ សាលាបន្ថែមទៀត ដែលខ្វះខាតកុំព្យូទ័រ សំរាប់បម្រើការងារក្នុងសាលារៀន ។

ការនាំយកអំណោយកុំព្យូរទ័រផ្តល់ជូនសាលាចំនួន១៥សាលា ក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងក្រុមការងារអមដំណេីរ លោក ជូ បុត្រ អភិបាល ស្រុកភ្នំស្រុក លោកមេឃុំទាំង៦ សរុបជិត ២០០ នាក់ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមាន ប្រសាសន៍ថាៈ ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបាន ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្មួយៗ ដែលជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹង ប្រកបដោយគុណភាព ទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាល ធនធានមនុស្ស ។

លោកបានបន្តថាៈ ជាការពិត លោកគ្រូ-អ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីងស្ងួត ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនខ្លាចនឿយហត់ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា មានការងារល្អ។
បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ វិស័យអប់រំ ក៏មិនអាចមានការរីកចម្រេីនដូចសព្វថ្ងៃនេះដែរ។ ជាមួយការរីកចម្រេីនលេីវិស័យអប់រំ ជាវិស័យអាទិភាពទីមួយ ដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន វិស័យអប់រំ បានរីកចម្រេីនយ៉ាងខ្លាំង សម្តេច បានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែង មិនថាទីក្រុង ប្រជុំជន ឬទីជនបទឡេីយ ដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួល ក្នុងការរៀនសូត្រ។

នាឱកាសនោះ ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន ១៥ សាលាហេីយនោះ រដ្ឋបាលស្រុក ក៏ទទួលបានកុំព្យទ័រមួយគ្រឿង និងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ក៏ទទួលបានមួយគ្រឿងផងដែរ ។

ទន្ទឹមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយក ខោអាវកីឡាចំនួន ៥០០ កំប្លេ ផ្តល់ជូនសាលាទាំង១៥ , បាល់ទះ
១០ គ្រាប់, បាល់ទាត់ ២០ គ្រាប់, សំណាញ់បាល់ ៦ ឈុត, ស្រោមដៃកីឡា ១២ គូ និង លោកគ្រូអ្នកគ្រូ អាជ្ញាធរ មូលដ្ឋាន សរុប ១៧៥ នាក់ ក្នុងម្នាក់ទទួល បានសារុងមួយ។

សូមបញ្ជាក់ថា ទូទាំងស្រុក ភ្នំស្រុក មានសាលារៀនសរុបចំនួន ៥៣ សាលា ក្នុងនោះ វិទ្យា ល័យ ចំនួន ៣ សាលា, អនុវិទ្យាល័យ ចំនួន៤, បឋមសិក្សា ចំនួន ៤២ សាលា, មត្តេយ្យចំនួន ២ សាលា ហេីយការនាំយក កុំព្យូទ័រផ្តល់ជូនសាលារៀន នៅស្រុកភ្នំស្រុកនេះ គឺជាលេីកទី២ហេីយ លេីកទី១ ផ្តល់ជូនសាលាចំនួន ១៥ សាលា , ហេីយលេីកទី២នេះ ផ្តល់ជូនចំនួន ១៥ សាលាបន្ថែមទៀត៕/V-PC