ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប៉ូលីសថៃរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនក្រាម(ម៉ាទឹកកក)ចំនួន១,១តោននៅក្នុងរយៈពេលមិនដល់មួយសប្តាហ៍ នេះបើតាមការបញ្ជាក់ប្រាប់ពីមន្ត្រីថៃកាលពីថ្ងៃអង្គារ នៅពេលព្រះរាជាណាចក្រនេះបន្តបង្ក្រាបការលួចនាំចូលនិងការជួញដូរថ្នាំញៀនដែលបានកើនឡើងក្រោយពីបើកព្រំដែនប្រទេសឡើងវិញ។
ការរឹបអូសបានថ្នាំញៀនដ៏ច្រើននេះកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប៉ូលីសថៃនិងពួកលួចដឹកជញ្ជូនចូលថ្នាំញៀននៅតំបន់ព្រៃភ្នំភាគខាងជើងប្រទេស ដែលជាប្រភពថ្នាំញៀនខុសច្បាប់ជាយូរមកហើយ។
ក្រោយទទួលបានព័ត៌មានអោយការណ៍ដោយសម្ងាត់ ប៉ូលីសបានចាប់ខ្លួនជនជាតិថៃដប់នាក់ក្នុងការឆ្មក់ចាប់ជាបន្តបន្ទាប់នៅភាគខាងជើងនិងខាងត្បូងប្រទេស។
មេរងប៉ូលីសជាតិថៃលោកឧត្តមសេនីយ៍ ជីនណាផាត សារ៉ាស៊ីន(Chinnapat Sarasin)បាននិយាយថា« ថ្នាំញៀនទាំងនេះខ្លះ ត្រូវបានរក្សាទុកមួយរយៈពេលមុនត្រូវបាននាំមកកាន់បណ្តាខេត្តចុងខាងត្បូង និងពួកវាទំនងជាត្រូវនាំទៅកាន់ប្រទេសផ្សេងទៀតនៅពេលបន្ទាប់»។
លោកបានបន្តថា«ថៃត្រូវឡោមព័ទ្ធដោយទីតាំងផលិតថ្នាំញៀនសំខាន់ៗ» តែការផ្ទុះជំងឺឆ្លងកូវីដ១៩នាពេលកន្លងមកបារារាំងមិនអោយពួកលួចដឹកជញ្ជូនថ្នាំញៀននាំទំនិញរបស់ពួកគេចេញបាន។«ឥឡូវ ប្រទេសថៃបានបើកព្រំដែនឡើងវិញ ថ្នាំញៀនដែលកកស្ទះក៏សំរុកបញ្ជូនចេញគ្មានឈប់»។
ប៉ូលីសថៃបានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមឈ្មួញថ្នាំញៀនមួយស្ថិតនៅពីក្រោយសកម្មភាពនិងជំនួញខុសច្បាប់នេះ។
នៅក្នុងប្រតិបត្តិការបង្ក្រាបទីមួយ សមត្ថកិច្ចបានរកឃើញថ្នាំញៀន៧៣១គីឡូក្រាម ជាប្រភេទថ្នាំញៀនម៉ាទឹកកក ក្នុងការឆ្មក់ចូលបង្ក្រាបពីកន្លែងមួយនៅខេត្ត ផាថាលុង( Phatthalung)និងមួយទៀតនៅខេត្តស៊ូរ៉ាតថានី ( Surat Thani)ដែលសុទ្ធតែនៅភាគខាងត្បូង។
ក្រោយទទួលបានព័ត៌មានសម្ងាត់ មន្ត្រីបានចាប់ខ្លួនបុរសបីនាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនក្រោយការរកឃើញថ្នាំញៀន៦៨៨គីឡូក្រាមនៅក្នុងរថយន្តបីគ្រឿង។ប៉ូលីសបន្ទាប់មក បានចាប់ខ្លួនមនុស្សបួននាក់ទៀតជាមួយនឹងថ្នាំញៀន៤៣គីឡូក្រាម។
កាលពីថ្ងៃអាទិត្យ បុរសម្នាក់ក៏ត្រូវបានចាប់ខ្លួននៅក្នុងខេត្តឈៀងរ៉ៃ(Chiang Rai)ក្នុងពេលជននេះត្រៀមនាំថ្នាំញៀន៣០០គីឡូក្រាមទៅកាន់ខេត្តសាធូន(Satun)នៅភាគខាងត្បូងថៃ។ថ្នាំញៀន១១៤គីឡូក្រាមទៀតក៏ត្រូវបានរឹបអូសនៅខេត្តណាខន សាវ៉ាន(Nakhon Sawan)និងផាធូម ថានី(Patum Thani)ភាគកណ្តាល៕
ប៉ូលីសថៃបង្ហាញថ្នាំញៀនសរុប១.១០០គីឡូក្រាមដែលរឹបអូសបានជាច្រើនខេត្តក្នុងរយៈពេលមិនដល់មួយសប្តាហ៍