ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មានការបាញ់ប្រហារមួយក្នុងអំឡុងពេលថតវីដេអូចម្រៀងនៅស្ថានីយហ្គាសមួយក្នុងទីក្រុងអូកលឹន(Oakland)រដ្ឋកាលីហ្វ័រញ៉ា ដោយបណ្តាលអោយស្លាប់មនុស្សម្នាក់និងរបួសបួននាក់ផ្សេងទៀត ហើយវាទំនងជាទាក់ទងនឹងក្រុមជនអន្ធពាល នេះបើតាមការបញ្ជាក់ពីប៉ូលីសកាលពីថ្ងៃអង្គារ។
ការបាញ់ប្រហារបានកើតឡើងនៅម៉ោងប្រមាណ៦ល្ងាចថ្ងៃចន្ទនៅស្ថានីយValeroតាមផ្លូវMacArthur Boulevard។អ្នករងរបួសម្នាក់បានស្ថិតនៅក្នុងរថយន្តដែលត្រូវគ្រាប់ក្រុមជនពាល។
ពីដំបូងប៉ូលីសបាននិយាយថា មានជនរងគ្រោះប្រាំបីនាក់ពីការបាញ់ប្រហារនេះ រួមមានម្នាក់បានស្លាប់ តែកាលពីថ្ងៃអង្គារបាននិយាយថា អ្នករងរបួសបីនាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយក្នុងពេលពួកគេព្យាយាមបើករថយន្តគេចចេញពីកន្លែងបាញ់គ្នា។
ប៉ូលីសក្រុងអូកលឹន ស៊ើបអង្កេតការបាញ់ប្រហារនៅស្ថានីយហ្គាសកាលពីថ្ងៃ២៣មករា
ការបាញ់ប្រហារនេះបានកើតឡើងតែប៉ុន្មានម៉ោងក្រោយបុរសម្នាក់ជាកម្មករកសិដ្ឋានមួយបានបាញ់សម្លាប់មនុស្សប្រាំពីរនាក់នៅកសិដ្ឋានពីរនៅជាយក្រុងហាហ្វ មូន បេ(Half Moon Bay)ចម្ងាយ៥០គីឡូម៉ែត្រពីទីក្រុងសាន់ហ្វ្រានស៊ីស្កូ។
ក្រោយការវាយប្រហារ បុរសវ័យ៦៦ឆ្នាំនេះ ត្រូវបានចាប់ខ្លួនហើយប្រឈមការចោទប្រកាន់ពីបទឃាតកម្មនិងប៉ុនប៉ងសម្លាប់៕