ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ពេលវេលា គឺជាជីវិត ដូច្នេះសិក្ខាកាមក្នុងតួនាទី របស់ខ្លួន ត្រូវខិតខំបំពេញឱ្យបានល្អប្រសើរ ដើម្បីកិត្តិយសខ្លួនឯង និងសង្គមជាតិ។
នេះបើតាមលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា និងជ្រើស សិក្ខាកាម ចូលរៀនវគ្គបណ្ដុះបណ្ដាល ជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅភោជនីយដ្ឋានមាតុភូមិ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ មករា ២០២៣ ។

មានវត្តមានលោក ឈឿង សិរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ព្រំ គឹមជាន នាយករដ្ឋបាល ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact លោកអភិបាលរងក្រុងប៉ោយប៉ែត នគរបាល និងលោក លោកស្រី ជាម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងក្រុងប៉ោយប៉ែត ចូលរួមផងដែរ។

លោក ឈឿង សិរីវុធ បានមានប្រសាសន៍ថាៈ ដោយលំហូរទេសចរណ៍​ក្នុង និងក្រៅស្រុក មានកំណើន កើនឡើងជាលំដាប់ តម្រូវការអ្នកមានជំនាញបដិសណ្ឋារកិច្ច គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ កាន់តែច្រើន។ ហេតុនេះ មន្ទីរសហការជាមួយ អង្គការដៃគូ បណ្តុះបណ្ដាលជំនាញទាំងនេះ ជាបន្តបន្ទាប់ ដើម្បីឱ្យបុគ្គលិកកម្ម ចេះជំនាញពិតប្រាកដ ងាយស្រួលក្នុងធ្វើការ ក្នុងអាជីវកម្មនីមួយៗ។

ចំពោះគោលបំណង នៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺវាជាគំរូបណ្ដុះបណ្ដាល ដែលឆ្លើយ តបទៅនឹងតម្រូវការអាជីវកម្ម ដែលផ្ដល់ការបណ្ដុះបណ្ដាល ប្រកបដោយគុណភាពខ្ពស់ លើវិស័យបដិសណ្ឋាកិច្ច ដល់បុគ្គលិក ដែលមានជំនាញទាប។

កម្មវិធីបណ្ដុះបណ្ដាល ហូកា ត្រូវបានរៀបចំផងដែរ សម្រាប់អ្នកគ្រប់គ្រង និង ម្ចាស់អាជីវកម្ម ក្នុងវិស័យបដិសណ្ឋារកិច្ច ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន ឱ្យមានភាពរីក ចម្រើន។ ហូកា ក៏ចូលរួមចំណែកកសាងសមត្ថភាព គ្រូបង្គោលនៃមន្ទីរទេសចរណ៍ ខេត្តគោលដៅ ឱ្យមានលទ្ធភាពអាចជួយបណ្ដុះបណ្ដាលបន្ត ដល់អ្នកជំនាញ ក្នុងខេត្ត និងខេត្តជុំវិញ។

កម្មវិធីនេះ ត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយ ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍ ជំនាញ ដែជាគំរោងរបស់ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្នុងខេត្តគោលដៅចំនួន ១០។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បាននិយាយថាៈ កម្មករ ពលករ ភាគច្រើន បានទៅរកការងារនៅប្រទេសជិតខាង តែមិនសូវទទួលបានលទ្ធផលវិជ្ជមាន ព្រោះខ្លះត្រូវមេខ្យល់បោកប្រាស់កម្លាំងពលកម្ម ពួកគាត់គួរតែងាកមកធ្វើការក្នុងស្រុក ដើម្បីសុវត្ថិភាពខ្លួនឯងផង និងសេដ្ឋកិច្ចគ្រួសារផង ហើយរស់នៅប្រកបដោយសុខដុម រមនា ៕ V / N