ដោយ: បូកគោ / កំពត: សកម្មភាពនៃការដើរលម្ហែដ៏ច្រើនកុះកររបស់ភ្ញៀវ នៅគ្រប់បណ្តា មណ្ឌលកម្សាន្ត បានបង្ហាញឱ្យឃើញពីសន្ទុះងើបឡើងវិញ នូវវិស័យទេសចរណ៍។ រយ:ពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន ខេត្តកំពត ទទួលភ្ញៀវទេសចរ បានប្រមាណជាង ៨ ម៉ឺននាក់។


លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានប្រាប់ឲ្យដឹងថាៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដោយគិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ភ្ញៀវដែលបានមកកម្សាន្ត ក្នុងខេត្តកំពត មានចំនួន ៨២.១៩៩ នាក់។ ក្នុងនោះ ភ្ញៀវជាតិ មាន ៨១.៣៥២ នាក់ និងទេសចរបរទេស ចំនួន ៨៤៧ នាក់។

លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ ផ្អែកតាមសកម្មភាព នៃការដើរកម្សាន្តដ៏កុះករ របស់ភ្ញៀវ ទៅគ្រប់ទីកន្លែង បានបង្ហាញឱ្យឃើញពីសន្ទុះ នៃការងើបឡើងវិញនូវ វិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជា ក្នុងផ្ទៃប្រទេសទាំងមូល។ តាមរយ:នេះ សង្ឃឹមថា នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ ភ្ញៀវនឹងមកកម្សាន្តក្នុងខេត្តកំពត កាន់តែច្រើន ព្រោះរដ្ឋបាលខេត្ត កំពុងមមាញឹក ក្នុងការរៀបចំសោភ័ណភាព ឱ្យកាន់តែប្រសើរថែមទៀត។

លោក សយ ស៊ីណុល បានបន្តថាៈ កត្តាដែលធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្ត កាន់តែមានភាពល្អប្រសើរ ព្រោះមន្ត្រីជំនាញ តែងទទួលបានការណែនាំ ពីលោក ម៉ៅ ធនិន ដែលតម្រូវឲ្យក្រុមការងារ ចុះណែនាំប្រតិបត្តិករទាំងមុន និងពេលកំពុងមានពិធី បុណ្យផ្សេងៗ អំពីការប្រកបអាជីវកម្ម ដោយភាពសុចរិតនោះ ។ នេះជាអ្វីដែលខេត្តកំពត មានមោទកភាព សម្រាប់វិស័យទេសចរណ៍៕ V / N