ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: គិតត្រឹមថ្ងៃទី២៥ មករា ២០២៣ នេះ នៅសល់តែ ១០០ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបោះជំហានចូលមកដល់។

ជាមួយនឹងពេលវេលា កាន់តែកៀកបែបនេះ សហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា បានក្រើន រំលឹក ដល់អត្តពលិករបស់ខ្លួន ត្រូវតែបង្កើនការហ្វឹកហាត់ ដើម្បីឈានឲ្យបានសម្រេច ចំពោះគោលដៅមេដាយមាស ចំនួន ៩ គ្រឿង។

វ៉ូវីណាម ជាប្រភេទកីឡាប្រយុទ្ធ និងសម្ដែង ដែលកម្ពុជាមានសក្ដានុពលខ្លាំង ដោយធ្លាប់ប្រជែងបាន មេដាយមាស ទាំងកម្រិតតំបន់ កម្រិតទ្វីប និងពិភពលោក។

លោក អ៊ូ រតនា ដែលជាប្រធានសហព័ន្ធ ទទួលស្គាល់ថា មេដាយមាស ៩ គ្រឿង វាពិតជាអម្រែកមួយ ដែលមិនស្រាលទេ តែក្នុងនាមជាម្ចាស់ផ្ទះ យើងបានកំណត់ពី វិញ្ញាសា សម្រាប់ប្រកួតបើវិញ្ញាសាណា យើងខ្លាំង យើងខិតខំលើវិញ្ញាសានោះ។

លោកបានបញ្ជាក់ថាៈ ទោះបីយើងខ្លាំង ក៏មិនត្រូវភ្លេចខ្លួន ឬមានមោទនភាពជ្រុលដែរ ព្រោះគេក៏ហាត់ យើងក៏ហាត់ ហេតុនេះ បើយើងប្រហែសនោះ យើងនឹងបាត់បង់មេដាយ ហេតុនេះសន្ទស្សន៍មេដាយ ដែលសហព័ន្ធបានកំណត់ជាមួយ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ គឺក្លាយជាឥតន័យ ព្រោះយើងសន្យាហើយ បែរជាធ្វើមិនបាន។
សូមកុំភ្លេចខ្លួន យើងជាម្ចាស់ផ្ទះ យើងត្រូវតែរកមេដាយ ឲ្យបាន តាមការគិតទុករបស់ យើង៕ V / N