ដោយ: សុខុម / មណ្ឌលគិរីៈ រយៈពេល ៤ ថ្ងៃ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅកម្សាន្ត នៅខេត្តមណ្ឌលគិរី ជាង ១ ម៉ឺននាក់។ ប៉ុន្តែចំនួននេះ មានការថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ ភ្ញៀវទេសចរដែលទៅ លេង នៅតាមគោលដៅសំខាន់ៗនោះ មានដូចជា ភ្នំដោះក្រមុំ ថតរូបអនុស្សាវរីយ៍ នៅចំណុចរង្វង់មូលគោព្រៃ ទៅកម្សាន្តនៅសមុទ្រឈើ និងនៅតាមរមណីយដ្ឋាន ទេសចរណ៍ជាច្រើនកន្លែងទៀត ដូចជា ទឹកជ្រោះប៊ូស្រា ជាដើម។

លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បានរាយការណ៍ថាៈ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ខេត្តមណ្ឌលគិរី មានអ្នកទេសចរសរុប ១៤.៣៥៦ នាក់ ថយចុះ ១០,០៨% ប្រៀបធៀបឆ្នាំ២០២២ មានចំនួន ១៥.៩៦៧ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៤.១៣៩ នាក់ ថយចុះ ១០,៣០% ទេសចរបរទេស ប្រមាណ ២១៧នាក់ កើន ៦,៨៩% ចំណែកសន្តិសុខ សណ្ដាប់ធ្នាប់ គឺមានភាពល្អប្រសើរ៕ V / N