ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាវាដឹកទំនិញJin Tianដោតទង់ហុងកុងមួយបានលិចនៅឯនាយឆ្នេរភាគនិរតីជប៉ុនកាលពីដើមថ្ងៃពុធទី២៥មករា និងកិច្ចខិតខំជួយសង្គ្រោះកំពុងប្រព្រឹត្តទៅដើម្បីជួយសង្គ្រោះសមាជិកនាវិក១៨នាក់បន្ទាប់ពីជួយសង្គ្រោះបានបួននាក់។
នាវានេះបានលិចនៅចម្ងាយ១១០គីឡូម៉ែត្រខាងលិចកោះដាន់ចូ(Danjo) នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន។
កងឆ្មាំសមុទ្រជប៉ុនបានទទួលសញ្ញាសុំជំនួយនៅម៉ោង១១និង១៥នាទីយប់ថ្ងៃអង្គារ រីឯមូលហេតុនៃការលិចនាវានេះគេនៅមិនទាន់ដឹងនៅឡើយទេ។
វាទំនងជាឧបទ្ទវហេតុនាវាដ៏អាក្រក់បំផុតនៅជប៉ុនចាប់តាំងពីពេលនាវាដឹកគោជិត៦.០០០ក្បាលមួយបានលិចនៅឯនាយឆ្នេររបស់ខ្លួនកាលពីឆ្នាំ២០២០ ដែលបណ្តាលអោយសមាជិកនាវិកស្ទើរទាំងអស់ក្នុងចំណោមសមាជិក៤០នាក់បាត់ខ្លួនក្នុងសមុទ្រ។
សមាជិកនាវិកក្នុងនាវាដឹកទំនិញJin Tian រួមមានជនជាតិចិន១៤នាក់ និងមីយ៉ាន់ម៉ាប្រាំបីនាក់។ពួកគេបានហក់ចូលទូកសង្គ្រោះគ្រាអាសន្ននៅម៉ោងជាង២ជិតភ្លឺ និងនាវាបានលិចចូលក្នុងទឹកសមុទ្របាត់នៅប្រាំមួយនាទីក្រោយ។
អ្នកនាំពាក្យកងឆ្មាំសមុទ្រជប៉ុនបាននិយាយថា «នៅម៉ោងជាងប្រាំពីរព្រឹក ជនជាតិចិនបួននាក់ត្រូវបានជួយសង្គ្រោះ និងប្រតិបត្តិការជួយសង្គ្រោះនៅបន្តស្វែងរកមនុស្ស១៨នាក់ទៀត។យន្តហោះស្វែងរកមួយនិងនាវាពីរត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ»៕
ទីភ្នាក់ងារសារព័ត៌មានក្យូដូបាននិយាយថា មនុស្សបួននាក់ត្រូវបានជួយសង្គ្រោះកាលពីព្រឹកថ្ងៃពុធ
នាវាបីរួមមាននាវាក្នុងកងឆ្មាំសមុទ្រជប៉ុនកំពុងស្វែងអ្នកបាត់ខ្លួនក្នុងហេតុការណ៍លិចនាវាដឹកទំនិញដោតទង់ហុងកុង