​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក គ្រីស ហ៊ី​ប​គីន (Chris Hipkins)​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី ៤១ របស់​នូវែ​លសេ​ឡង់ បន្ទាប់​ពី​ការលាលែង​​ពី​តំណែង​មិន​រំពឹង​ទុក​កាលពី​សប្តាហ៍​មុន​របស់​លោកស្រី ចា​ស៊ីន​ដា អា​ដឺ​ន (Jacinda Ardern)​។​

​លោក​ហ៊ី​ប​គីន​អាយុ ៤៤ ឆ្នាំ​បាន​សន្យា​អនុវត្ត​វិធីសាស្ត្រ​មូលដ្ឋាន​ដែល​ផ្តោត​លើ​សេដ្ឋកិច្ច​និង​អ្វី​ដែល​លោក​ពណ៌នា​ថា​ជា “​ជំងឺ​រាតត្បាត​នៃ​អតិផរណា​”​។​

​លោក​នឹង​មាន​ពេល​តិចជាង​ប្រាំបួន​ខែ​មុន​ពេល​ប្រកួតប្រជែង​ការបោះឆ្នោត​ទូទៅ​ដ៏​លំបាក ខណៈ​ការស្ទង់មតិ​បានបង្ហាញ​ថា​គណបក្ស​ការងារ​របស់​គាត់​កំពុង​តាម​ពីក្រោយ​បក្ស​អភិរក្សនិយម​ដែល​​ជា​បក្សប្រឆាំង​។​

​អគ្គទេសាភិបាល​នូវែល​សេឡ​ង់​លោកស្រី ស៊ីន​ឌី គី​រ៉ូ (Cindy Kiro) បាន​ជួយ​ធ្វើ​ពិធី​សច្ចាប្រណិធាន​យ៉ាងខ្លី​នៅ​ចំពោះមុខ​មិត្តភក្តិ​និង​សហការី​របស់​លោក​ហ៊ី​ប​គីន​បន្ទាប់​ពី​លោកស្រី​បានទទួល​​យក​ការលាលែង​ពី​តំណែង​របស់​លោកស្រី​អា​ដឺ​ន​មុននេះ​។​

​លោក​ហ៊ី​ប​គីន​បាន​និយាយ​នៅក្នុង​ពិធី​នោះ​ថា “​នេះ​គឺជា​ឯកសិទ្ធិ​និង​ការទទួលខុសត្រូវ​ធំ​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​មាន​ថាមពល​និង​រំភើប​ចំពោះ​បញ្ហា​ប្រឈម​ដែល​នៅ​ខាង​មុខ​”​។​

​លោកស្រី ខា​ម៉ែ​ល សេ​ភូ​ឡូ​នី (Carmel Sepuloni) ក៏​ស្បថ​ចូលកាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ផងដែរ ដែល​ជា​បុគ្គល​មាន​ខ្សែស្រឡាយ​អ្នក​កោះ​ប៉ាស៊ីហ្វិក​ដំបូង​គេ​ដែល​បាន​កាន់​តួនាទី​នេះ​។ លោកស្រី​បាន​អបអរសាទរ​លោក​ហ៊ី​ប​គីន​និង​អរគុណ​គាត់​សម្រាប់​ការជឿ​ទុកចិត្ត​ដែល​គាត់​បាន​ដាក់​លើ​លោក​ស្រី​៕

លោក​ហ៊ី​ប​គីន​ស្បថ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​នូវែល​សេឡ​ង់​នៅ​ថ្ងៃ​ពុធ​នេះ