ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបណ្ដេញមន្ត្រីជាន់ខ្ពស់មួយចំនួនកាលពីថ្ងៃអង្គារទី២៤មករានៅក្នុងការរុះរើខាងនយោបាយដ៏ធំបំផុតរបស់អ៊ុយក្រែននាសម័យសង្គ្រាម ដោយនិយាយថា លោកត្រូវការសម្អាតបញ្ហាផ្ទៃក្នុងដែលកំពុងបង្កការប៉ះពាល់ដល់ប្រទេស។
ការប្រយុទ្ធដ៏យូរអង្វែងប្រឆាំងនឹងអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែនកំពុងមានសារៈសំខាន់ខ្លាំងខណៈការឈ្លានពានរបស់រុស្ស៊ីបានធ្វើឱ្យរដ្ឋាភិបាលក្រុងគៀវពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្ររបស់លោកខាងលិច។
ការបោសសម្អាតមន្ត្រីជាង១០នាក់នេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ខ្លួនអនុរដ្ឋមន្ត្រីម្នាក់ដែលសង្ស័យប្រព្រឹត្តពុករលួយនិងការចោទប្រកាន់ជាច្រើន ដែលត្រូវបានបដិសេធដោយក្រសួងការពារជាតិនិងបង្កឱ្យមានការផ្ទុះកំហឹង។
លោកហ្សេលេនស្គីបាននិយាយថា “បញ្ហាផ្ទៃក្នុងណាមួយដែលប៉ះពាល់កិច្ចការរដ្ឋកំពុងត្រូវបានបោសសម្អាត ហើយនឹងត្រូវបោសសម្អាតឱ្យអស់។ នេះជារឿងយុត្តិធម៌ វាចាំបាច់សម្រាប់ការការពាររបស់យើង ហើយវាជួយដល់ទំនាក់ទំនងរបស់យើងជាមួយស្ថាប័នអឺរ៉ុប”។
លោកបានបន្តនៅក្នុងសុន្ទរកថាជាវីដេអូថា “យើងត្រូវការរដ្ឋដ៏រឹងមាំមួយ ហើយអ៊ុយក្រែននឹងក្លាយទៅជាដូច្នេះ” ដោយសន្យាថានឹងមានការតែងតាំងមន្ត្រីបន្ថែមទៀតនិងជំហានបន្ថែមទៀតដែលមិនបានបញ្ជាក់ច្បាស់លាស់។
ក្នុងពេលជាមួយគ្នា សមាជិកសភាអាម៉េរិកមកពីគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋបានសរសើររដ្ឋាភិបាលក្រុងគៀវ ដែលបានចាត់វិធានការយ៉ាងរហ័សប្រឆាំងនឹងអំពើពុករលួយហើយបាននិយាយថា ជំនួយយោធានិងមនុស្សធម៌របស់អាម៉េរិកគួរតែបន្ត។
មន្ត្រី ដែលត្រូវបណ្តេញចេញនោះ រួមមានអភិបាលតំបន់ចំនួនប្រាំរូប អនុរដ្ឋមន្ត្រីបួនរូប និងមន្ត្រីការិយាល័យប្រធានាធិបតីជាន់ខ្ពស់ម្នាក់ ដែលគេមើលឃើញថាមនុស្សស្និទ្ធនឹងលោកហ្សេលេនស្គី។
អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅទីក្រុងគៀវលោក វ៉ូឡូឌីមៀ ហ្វេសិនកូ (Volodymyr Fesenko) បាននិយាយថា ការផ្លាស់ប្តូរមួយចំនួនត្រូវបានគ្រោងទុកមួយរយៈមកហើយប៉ុន្តែបានលេចធ្លាយលឿនពេកពេញចំណងជើងសារព័ត៌មានបែបអវិជ្ជមាន។
លោកហ្វេសិនកូបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “វាជាការបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងប្រតិកម្មពីប្រធានាធិបតីក្នុងពេលដំណាលគ្នា …ទៅនឹងអត្ថបទរិះគន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ”៕
លោកហ្សេលេនស្គីបណ្តេញមន្ត្រីជាន់ខ្ពស់ជាង១០រូបកាលពីថ្ងៃអង្គារ