ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារទី២៤មករាថា រដ្ឋបាលលោកបៃដិនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុម័តការបញ្ជូនរថក្រោះ M1 Abrams ទៅកាន់អ៊ុយក្រែន ខណៈការស្ទាក់ស្ទើររបស់អន្តរជាតិក្នុងការបញ្ជូនរថក្រោះប្រយុទ្ធទៅកាន់សមរភូមិប្រឆាំងនឹងរុស្ស៊ីចាប់ផ្តើមថមថយ។
ការសម្រេចចិត្តនេះអាចត្រូវបានប្រកាសភ្លាមៗនៅថ្ងៃពុធនេះ ប៉ុន្តែគេអាចចំណាយពេលច្រើនខែឬច្រើនឆ្នាំដើម្បីប្រគល់រថក្រោះទាំងនេះ។
ក្រុមមន្ត្រីអាម៉េរិកបាននិយាយថា ព័ត៌មានលម្អិតកំពុងរៀបចំឡើង។ មន្ត្រីម្នាក់បាននិយាយថា រថក្រោះនឹងត្រូវបានទិញក្រោមកញ្ចប់គំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែននាពេលខាងមុខ ដែលផ្តល់មូលនិធិរយៈពេលវែងសម្រាប់អាវុធ និងឧបករណ៍ ដែលត្រូវទិញពីអ្នកលក់ផ្នែកពាណិជ្ជកម្ម។
សេចក្តីប្រកាសរបស់អាម៉េរិកត្រូវគេរំពឹងថានឹងមានការសម្របសម្រួលជាមួយនឹងការប្រកាសរបស់អាល្លឺម៉ង់ថា ខ្លួននឹងយល់ព្រមលើសំណើរបស់ប៉ូឡូញក្នុងការផ្ទេររថក្រោះ Leopard 2ដែលផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន នេះបើយោងតាមមន្ត្រីម្នាក់នោះ។
ដោយយល់ព្រមបញ្ជូនរថក្រោះ Abrams នៅពេលវេលាមិនទាន់បានកំណត់ក្រោមគំនិតផ្តួចផ្តើមជំនួយនេះ រដ្ឋបាលបៃដិនអាចបំពេញការទាមទាររបស់អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្កូលសម្រាប់ការប្តេជ្ញាចិត្តរបស់អាម៉េរិក ដោយមិនចាំបាច់បញ្ជូនរថក្រោះភ្លាមៗ។
ជំនួយភាគច្រើនដែលបានបញ្ជូនមកទល់ពេលនេះនៅក្នុងសង្គ្រាមរយៈពេល ១១ ខែគឺតាមរយៈកម្មវិធីដាច់ដោយឡែកមួយ ដែលពឹងលើស្តុករបស់មន្ទីរបញ្ចកោណដើម្បីឱ្យអាវុធបញ្ជូនបានកាន់តែលឿនទៅកាន់អ៊ុយក្រែន។
ប៉ុន្តែទោះបីជាស្ថិតក្រោមកម្មវិធីនោះក៏ដោយ ក៏វាត្រូវចំណាយពេលរាប់ខែដើម្បីយករថក្រោះទៅកាន់អ៊ុយក្រែន និងឱ្យកងកម្លាំងអ៊ុយក្រែនហ្វឹកហាត់លើពួកវា។
គេមិនដឹងទេថាតើរថក្រោះចំនួនប៉ុន្មាននឹងត្រូវអនុម័ត៕
រថក្រោះ M1 Abrams របស់អាម៉េរិក