ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្តែងនូវការគាំទ្រ ចំពោះការបកស្រាយ និងពន្យល់របស់លោក ស សុខា ជុំវិញរឿងបុរសម្នាក់ ជួយលើកម៉ូតូជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វារ ។ នេះបើយោងតាមការខមិនពីគណនីហ្វេសប៊ុកឈ្មោះ “Hun Sen” របស់សម្តេចតេជោ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានខមិនលើផេកផ្លូវការ របស់លោក ស សុខា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា “គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយ ស សុខា ។ ត្រូវជួយគ្នាជាមុន ទើបបញ្ចៀសបាននូវបញ្ហាកាន់តែធំ ។ ខ្ញុំសូមអរគុណ និងកោតសរសើរ ចំពោះអ្នកបានជួយ ដែលនេះជាវប្បធម៌ដ៏ល្អ នៃជាតិសាសន៍របស់យើង”។

ការខមិនរបស់សម្តេចតេជោ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ស សុខា បានបង្ហោះ សារជុំវិញរឿងបុរសម្នាក់ ដែលជួយលើកម៉ូតូជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗកន្លងទៅនេះ ។

សូមជម្រាបថា ជុំវិញរឿងរ៉ាវបុរសម្នាក់ ដែលជួយលើកម៉ូតូជនរងគ្រោះ ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វារ ចុងក្រោយ បែរជាត្រូវអ្នកសារព័ត៌មាន សួរដេញដោល និងស្តីបន្ទោសបុរសម្នាក់នោះ បានក្លាយជាប្រធានបទដ៏កក្រើក សម្រាប់អ្នកលេងបណ្តាញសង្គម៕ V / N