ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយដ្ឋានកីឡា តំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយដ្ឋានកីឡា លោក អៀ ធូ អនុប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា និងលោកអគ្គលេខាធិការ សមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្ដាល ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភ ពីក្រសួងអប់រំ យុវជន និងកីឡា។

លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធ បានរាយការណ៍ថាៈ វគ្គបណ្តុះបណ្តាល រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បង្រៀនដោយលោកគ្រូ ជេស៊ូ ប៉ាខាល់បា លោកគ្រូ ជូន វ៉ាលេនស៊ូអេឡា និងលោកគ្រូកម្ពុជា ២ នាក់ទៀត។ វគ្គនេះ ប្រព្រឹត្តឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងចៅក្រម និង អាជ្ញាកណ្ដាល សម្រាប់ការរៀបចំការប្រកួត កីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ នាថ្ងៃទី១៦ ដល់ ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

លោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រជាថវិកា សម្រាប់វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្ដាល អាចដំណើរការទៅយ៉ាងរលូន និងមានប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់ការរៀបចំ ការប្រកួតកីឡាតុងហ្គីល ជ្រើសរើសជើងឯក នាពេលខាងមុខនេះ។

វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល មានការចូលរួមពីខេត្តកំពត ចំនួន ១០ រូប ខេត្តបាត់ ដំបង ចំនួន ៧រូប ខេត្តសៀមរាបចំនួន ៦រូប រាជធានីភ្នំពេញចំនួន ៣រូប សរុប ២៦ នាក់ ស្រី ៨នាក់។

លោកបានបន្តថាៈ គណៈកម្មការគ្រប់គ្រងវគ្គ ៣រូប គ្រូឧទ្ទេសចំនួន ៤រូប (គ្រូអន្តរជាតិ ចំនួន ២រូប) អ្នកសម្របសម្រួល និងជំនួយការចំនួន ២រូប ។ លោកអនុប្រធានសហព័ន្ធ ជា វណ្ណចាន់ត្រា នឹងផ្ដល់បទបង្ហាញ អំពីជីវប្រវត្តិ និងទិដ្ឋភាពទូទៅរបស់សហព័ន្ធកីឡា តុងហ្គីលម៉ូដូ លក្ខណៈសម្បត្តិចៅក្រម និងអាជ្ញាកណ្ដាល។ លោកអនុប្រធានសហព័ន្ធ អៀ ធូ នឹងចែករំលែកបទពិសោធន៍ អំពីសិល្បៈក្បាច់គុនបង្រួបង្រួម លោកគ្រូ រើន គន្ថ និយាយពីច្បាប់ប្រកួត លោកគ្រូ តាំង ប៉ូហេង ចែករម្លែកបទពិសោធន៍ ក្នុងការហ្វឹកហាត់ និងគរុកោសល្យ នៃការបង្ហាត់ គ្រូបង្វឹកអន្តរជាតិ ទាំងពីររូប នឹងផ្តល់នូវច្បាប់នៃការប្រកួត ស្របតាមច្បាប់ប្រកួតអន្តរជាតិ អនុវត្តជាក់ស្ដែង ព្រមទាំងពង្រឹងសមត្ថភាព គ្រូបង្វឹក ចៅក្រមនិងអាជ្ញាកណ្ដាល។

លោក ដួង មាសចំរើន បានមានប្រសាសន៍ថាៈ ជាការពិតណាស់ រយៈពេល ៥ថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យម នាពេលនេះ គឺជាការផ្ដល់ឱកាសឲ្យលោកគ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដល ទទួលបាន សមត្ថភាពពេញលេញ ក្នុងការត្រៀមលក្ខណៈ សម្រាប់ការរៀបចំការប្រកួតកីឡា តុងហ្គីលម៉ូដូ ជ្រើសរើសជើងឯក នាពេលខាងមុខនេះ។

នាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឱ្យគ្រប់វិស័យទាំងអស់ មានការអភិវឌ្ឍឡើង ជាក់ស្ដែង ក្នុងនោះមានវិស័យកីឡាផងដែរ។

បើយើងគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល ១០០ ឆ្នាំប៉ុណ្ណោះ ហេតុនេះ ដើម្បីឱ្យវិស័យកីឡា នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា និងការត្រៀមការប្រកួតកីឡា SEA GAMES 2023 ធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣៕ V / N