ដោយៈបូព៌ព្រឹក្ស,សុផល/ភ្នំពេញ៖នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេលបួនថ្ងៃ (២១-២៤ ខែមករា ២០២៣) ភ្ញៀវទេសចរ​បានចេញដើរកម្សាន្ត្រទូទាំងប្រទេសសរុប១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស​៤២,០៥៦នាក់។ ខេត្តព្រះសីហនុទាក់ទាញអ្នកទៅកម្សាន្តលើលំដាប់​ទី១ ខណៈខេត្តសៀមរាប នៅលំដាប់ទី២និង​ខេត្តបាត់​ដំបងនៅលំដាប់ទី៣។នេះបើយោងតាមប្រភពក្រសួងទេសចរណ៍ប្រកាសឱ្យដឹងនៅថ្ងៃទី២៥ខែមករានេះ។

ប្រភពដដែលបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖ ខេត្តព្រះសីហនុ ២៩៦,០២៨នាក់, ខេត្តសៀមរាប ១០៥,៤៨១នាក់​, ខេត្តបាត់ដំបង ១០២,៧៧៨នាក់, ខេត្តកំពត ៨២,១៩៩នាក់, ខេត្តប៉ៃលិន ៨១,៥០០នាក់, ខេត្តកំពង់ចាម ៦៧,៩១៤នាក់និង ខេត្តកែប ៦៧,០៣០នាក់។

ក្រសួងទេសចរណ៍បានបង្ហាញនូវការវាយតម្លៃថា ដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុងសប្តាហ៍ ដូច្នេះយើងសង្កេត​ឃើញថា​ចរន្ត​ភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែនតាមប្រពៃណីចិន។

ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ហើយខ្លះទៀតបានត្រលប់ចូលវិញនាល្ងាចម្សិលម៉ិញ ខណៈដែលអាជីវករនៅតាមផ្សារ និងលក់ដូរនៅតាមផ្ទះបានបិទតូប និងហាងជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត ស្របពេលអង្គភាព និងស្ថាប័នមួយចំនួនបានអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាក ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម។

គោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋ​ភាគច្រើនដើរកម្សាន្តជា​លក្ខណៈ​ក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅ។

ប្រភពដដែលបញ្ជាក់ថា ដោយឡែក សម្រាប់ខេត្តព្រះសីហនុភ្ញៀវទេសចរភាគច្រើនទៅព្រឹកមកវិញល្ងាចជាមួយការ​ធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនបានយកតាមខ្លួននូវម្ហូបអាហារដែលបានសែនរួច ទៅបរិភោគដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។

ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា៕សរន