ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបាននិយាយថា មនុស្សបីនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅហាងទំនិញមួយកន្លែងនៅកណ្តាលរដ្ឋវ៉ាស៊ីនតោនកាលពីព្រឹកថ្ងៃអង្គារទី២៤មករា ហើយជនសង្ស័យរត់គេចខ្លួនតែក្រោយមកត្រូវបានរាយការណ៍ថាបានបាញ់សម្លាប់ខ្លួនឯង។
របាយការណ៍ចុងក្រោយនៅថ្ងៃពុធនេះ បាននិយាយថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្សបីនាក់ បានទូរស័ព្ទប្រាប់ម្តាយនិងក្រោយមកបានបាញ់សម្លាប់ខ្លួនឯងកាលពីថ្ងៃអង្គារ។
ប៉ូលិសត្រូវបានគេតេហៅទៅកាន់ហាង Circle K ក្នុងទីក្រុងយ៉ាគីម៉ា (Yakima) រដ្ឋវ៉ាស៊ីនតោននៅម៉ោងប្រហែល ៣៖៣០ នាទីព្រឹកម៉ោងក្នុងស្រុក នៅពេលដែលមនុស្សបីនាក់ដែលមិនទាន់កំណត់អត្តសញ្ញាណ ត្រូវបានប្រទះឃើញស្លាប់ នេះបើយោងតាមមេប៉ូលិសក្រុង លោក ម៉ាត មួរ៉េ (Matt Murray) ប្រាប់ទៅអ្នកសារព័ត៌មាន។ ជនរងគ្រោះពីរនាក់ត្រូវបានបាញ់នៅខាងក្នុងហាង ចំណែកជនរងគ្រោះទីបីត្រូវបានបាញ់នៅខាងក្រៅ ដែលអាជ្ញាធរនិយាយថា ទំនងជាអំពើហិង្សាចៃដន្យ។
លោកបន្តថា មូលហេតុមិនទាន់ដឹងទេ ហើយជនសង្ស័យភេទប្រុសនោះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់សហគមន៍។
លោកមួរ៉េបាននិយាយថា “វាហាក់ដូចជាស្ថានភាពចៃដន្យ។ មិនមានជម្លោះជាក់ស្តែងរវាងភាគីទាំងពីរទេ។ បុរសនោះគ្រាន់តែដើរចូលហើយចាប់ផ្តើមបាញ់តែម្តង”។
នៅសប្តាហ៍នេះ សហរដ្ឋអាម៉េរិកទើបតែជួបការបាញ់ប្រហារទ្រង់ទ្រាយធំពីរលើកផ្ទួនៗនៅរដ្ឋកាលីហ្វ័រញ៉ា ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់១៨នាក់។
ក្រោយពីបើកការបាញ់ប្រហារក្នុងហាងរួច ជនសង្ស័យបានរត់ឆ្លងផ្លូវ ហើយបាញ់ទៅលើរថយន្តមួយគ្រឿង ដោយបង្ខំឱ្យអ្នកបើកបររុលទៅកន្លែងអង្គុយរបស់អ្នកដំណើរ ។ ប៉ូលិសបាននិយាយថា ជនសង្ស័យបានលួចរថយន្តពណ៌ទឹកប្រាក់ម៉ាក Chrysler ហើយរត់គេចខ្លួនបាត់។
ស្ថានភាពរបស់អ្នកបើកបរ រួមទាំងការរបួសដែរឬអត់នោះ គេមិនដឹងទេ។
កម្លាំងសមត្ថកិច្ចបានប្រមូលរូបភាពសន្តិសុខនិងភស្តុតាងសាក្សីពីកន្លែងកើតហេតុជាផ្នែកនៃការស៊ើបអង្កេត។នាយកដ្ឋានប៉ូលិសបានចេញផ្សាយរូបថតនៅលើបណ្តាញសង្គមរបស់បុរសម្នាក់ដែលស្លៀកពាក់ឈុតខ្មៅទាំងស្រុង រួមទាំងមួក អាវ និងខោខូវប៊យ និងស្បែកជើង Nike ពណ៌ស។
យ៉ាគីម៉ាគឺជាទីក្រុងមួយដែលមានអ្នកស្រុកប្រហែល ៩៧.០០០ នាក់រស់នៅជ្រលងភ្នំយ៉ាមីកា (Yamika) នៃរដ្ឋវ៉ាស៊ីនតោន ជាតំបន់កសិកម្មដ៏ល្បីល្បាញសម្រាប់ដំណាំផ្លែប៉ោមនិងស្រាទំពាំងបាយជូរ៕
ជនសង្ស័យស្លៀកពាក់ឈុតខ្មៅទាំងស្រុង រួមទាំងមួក អាវ និងខោខូវប៊យ និងស្បែកជើង Nikeពណ៌ស