ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្ត្រីម្នាក់បានដាក់ពាក្យប្តឹងចោទប្រកាន់អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ ម៉ៃ ថៃសាន់ ពីបទរំលោភនាងនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០បន្ទាប់ពីនាងបានជួបគាត់នៅក្លិបរាត្រីមួយក្នុងទីក្រុងអាល់បានី (Albany) រដ្ឋញូវយ៉ក។
ស្ត្រី ដែលកំពុងប្តឹងទាមទារសំណង៥លានដុល្លារនេះ បាននិយាយថា ថៃសាន់បានរំលោភនាងនៅក្នុងរថយន្ត ហើយថានាងបានទទួលរង “របួសផ្លូវកាយ ផ្លូវចិត្ត និង ផ្លូវស្មារតី” អស់ជាច្រើនឆ្នាំ ចាប់តាំងពីពេលនោះមក។
លិខិតបណ្តឹងរបស់ស្ត្រីនោះមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការរំលោភនោះទេ ប៉ុន្តែគ្រាន់តែនិយាយថាវាបានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ក្នុងពេលជាមួយគ្នាដែលបេក្ខនារីបវរកញ្ញាឈ្មោះ ដេស៊ីរី វ៉ាស៊ីនតោន (Desiree Washington) និយាយថាថៃសាន់បានរំលោភនាងនៅទីក្រុងអ៊ីឌីយ៉ាណាប៉ូលីស (Indianapolis)។
សូមបញ្ជាក់ថា ថៃសាន់ត្រូវបានកាត់ទោសពីបទរំលោភនាងវ៉ាស៊ីនតោននៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៩២ ហើយបានជាប់គុកបីឆ្នាំ។
សកម្មភាពផ្លូវច្បាប់នៅរដ្ឋញូវយ៉កត្រូវបានដាក់ប្តឹងនៅក្រោមច្បាប់ស្តីពីអ្នករស់រានមានជីវិតពេញវ័យ (Adult Survivors Act) របស់រដ្ឋដែលផ្តល់ពេលឱ្យជនរងគ្រោះពីបទរំលោភផ្លូវភេទរយៈពេលមួយឆ្នាំដើម្បីដាក់ពាក្យបណ្តឹងលើការរំលោភដែលបានកើតឡើងជាច្រើនឆ្នាំឬរាប់ទសវត្សរ៍មុន។
ស្ត្រីនោះបាននិយាយនៅក្នុងពាក្យបណ្តឹងរបស់នាងថា នាងបានចូលក្នុងរថយន្តរបស់ថៃសាន់ ហើយភ្លាមនោះ អ្នកប្រដាល់នេះបានចាប់ផ្តើមស្ទាបនាង ហើយព្យាយាមថើបនាង។
ស្ត្រីនោះបាននិយាយថា “ខ្ញុំប្រាប់គាត់ជាច្រើនលើកថាកុំឱ្យស្ទាប ហើយបានសុំឱ្យគាត់បញ្ឈប់ ប៉ុន្តែគាត់នៅតែបន្តបំពានខ្ញុំ។ បន្ទាប់មកគាត់បានសម្រាតខោរបស់ខ្ញុំ ហើយរំលោភខ្ញុំយ៉ាងព្រៃផ្សៃ”។
ស្ត្រីរូបនេះកំពុងសុំរក្សាភាពអនាមិក ព្រោះការផ្សាយឈ្មោះរបស់នាងប្រាកដជានឹងបង្កហានិភ័យដល់រូបនាង ដែលអាចប៉ះពាល់ផ្លូវចិត្ត នាំឱ្យមានការយាយី ការសើចចម្អក ឬ ការអាម៉ាស់ផ្ទាល់ខ្លួន៕
ថៃសាន់ធ្លាប់ជាប់គុកបីឆ្នាំពីបទរំលោភនាងវ៉ាស៊ីនតោនក្នុងឆ្នាំ១៩៩២ ឥឡូវរងបណ្តឹងចាប់រំលោភជាថ្មី