​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្រោយ​ពេលដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បានសម្រេច​សាងសង់​វិមាន​រំលឹក​ដល់​អ្នកស្លាប់​ក្នុង​សង្គ្រាមលោកលើកទី​១​ឡើងវិញ​នៅ​សួន​មុខ​ស្ថានទូត​សាធារណរដ្ឋ​បារាំង ក្រោយ​បំផ្លាញ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បំផ្លាញ​កាលពី​ឆ្នាំ​១៩៧៥ ពិធី​ក្រុង​ពាលី​និង​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ​នូវ​រូបសំណាក​នេះ​បានរៀបចំ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០២៣ ។​

​ពិធី​នេះ​បានរៀបចំ​ឡើង​ក្រោម​អធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​និង លោក អូ​លី​វី​យេ បិ​ក (Olivier – Becht) រដ្ឋមន្ត្រី​ប្រតិភូ​អម​រដ្ឋមន្ត្រី​អឺរ៉ុប​និង​កិច្ចការ បរទេស ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​សាធារណរដ្ឋ​បារាំង និង ស្ថាប័ន​ពាក់ព័ន្ធ​។​

លោក ជា សុផារ៉ា បាន​មានប្រសាសន៍​លើកឡើងថា ការសាងសង់​វិមាន​នេះ​ឡើងវិញ គឺជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់ យុទ្ធជន​ស្ម័គ្រចិត្ត​ខ្មែរ​ចំនួន ១៥១​នាក់ ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមលោក ចន្លោះ​ពី​ឆ្នាំ​១៩១៦ ដល់​ឆ្នាំ​១៩១៨ នៅ​ប្រទេស​បារាំង​។ បន្ថែម​ពីលើ​នេះ សំណង់​វិមាន​ដែល​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នា ពេលខាងមុខ ជាការ​បង្ហាញ​នូវ​ចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង​ផងដែរ​។​

​លោក បន្តថា វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១ ពី​ឆ្នាំ​១៩១៤​ដល់​ឆ្នាំ​១៩១៨“​ជា​ស្តូប​អនុស្សាវរីយ៍ រវាង​ទាហាន​ខ្មែរ​និង​បារាំង ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមលោកលើកទី​១ អាជ្ញាធរ​បារាំង និង​ឥស្សរជន ខ្មែរ​បាន​ព្រមព្រៀងគ្នា​សាងសង់ឡើង​កាលពី​ឆ្នាំ​១៩២៥ គឺ​ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោកលើកទី​១ របស់​បារាំង ក្នុងការ ដណ្ដើមយក​ជោគជ័យ​លើ​អាល្លឺម៉ង់ និង​រំលឹក​ដល់​ពលី​កម្ម​របស់​កម្ពុជា ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង​បារាំង អំឡុង​សង្គ្រាមលោកលើកទី​១ ។​


លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២ លោក​បានដាក់​សំណើ​ទៅ​សម្ដេច​តេ​ជោ ដើម្បី​សាងសង់​ឡើងវិញ និង ទទួលបាន​ការយល់ព្រម​ហើយ​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​តេ​ជោ បាន​ថ្លែង​នៅ​ចំពោះមុខ លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ក្នុងជំនួប​ឯ​វិមាន រដ្ឋាភិបាល​បារាំង អេ​លី​ហ្សេ នៅ​ទីក្រុង​ប៉ារីស​ថា សម្តេច​បាន​អនុញ្ញាតឱ្យ មានការ​សាងសង់​វិមាន​នេះ​ឡើងវិញ​។

​លោក​បាន​បន្តថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ដួច​ផ្តើមគំនិត​ក្នុងការ​សាងសង់​វិមាន​នេះ​ឡើងវិញ ដើម្បី​ជាការ​រំលឹក​ដល់​ពលី​កម្ម​របស់​កម្ពុជា​ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង បារាំង និង​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោកលើកទី​១ របស់​បារាំង​, បង្ហាញ​ពី ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៧៩​មក បាន ខិតខំ​ស្តារ និង​លើក​តម្លៃ​នូវ​រាល់​សមិទ្ធផល​នានា​ដែល​នៅ​សេសសល់ ពី ការកម្ទេច​ចោល​របស់​ខ្មែរក្រហម និង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង ឱ្យ​កាន់តែ​រឹងមាំ ឋិតថេរ​យូ​អង្វែង​តទៅ​។​

លោក​បន្ថែមទៀតថា​៖ វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១ ត្រូវ​រចនា​ឡើងលើ​ខឿន​ទម្រង់​អដ្ឋ​កោណ និង​មាន ៣​ថ្នាក់ ធ្វើ​អំពី​បេតុង ក្រាល​ថ្ម​ក្រា​នី​ត ដែលមាន​ទំហំ​ខឿន​សរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និង​កម្ពស់​សរុប ១២,៧៤ ម៉ែត្រ​។ ថ្នាក់​ទី​១ កម្ពស់ ១,១០​ម៉ែត្រ លម្អ​ដោយ​សួនច្បារ ថ្នាក់​ទី​២ កម្ពស់ ២,១០ ម៉ែត្រ ថ្នាក់​ទី​៣ កម្ពស់ ៩,៣៧ ម៉ែត្រ បដិមា​ទាហាន​ខ្មែរ​-​បារាំង កម្ពស់​ពី​បាទជើង ដល់​ចុង​ស្លឹក​កន្ទួត ៣,៣៧​ម៉ែត្រ និង​ស្ថិតនៅ​កម្ពស់ ១២,៧៤​ម៉ែត្រ ពី​កម្រិត​កម្ពស់​សូន្យ រូបសំណាក​សត្វ​តោ​ធ្វើ​អំពី​លង្ហិន ចំនួន​៤ រចនា​តាម​សិល្បៈ​ខ្មែរ​ស្ថិតនៅតាម​ជ្រុង​នៃ​អនុទិស តំណាង​ឲ្យ​ឆ្មាំ​នៃ​អនុទិស​ទាំង​៤​។​

លោក អូ​លី​វី​យេ បិ​ក បាន​មានប្រសាសន៍​ឡើង​ផងដែរ​ថា បារាំង​ទទួលបាន​ជ័យ​ជំ​នៈ​នៅ​ថ្ងៃទី​១១​វិច្ឆិកា​ឆ្នាំ​១៩១៨ យើង​មិន​ភ្លេច​ចំពោះ​អ្នក​បាន​ពលី ក្នុង​ភ្លើងសង្គ្រាម​នោះទេ ដូច្នេះហើយ​ទើប​
​អាជ្ញាធរ​បារាំង និង​ឥស្សរជន ខ្មែរ​បាន​ព្រមព្រៀងគ្នា​សាងសង់​នេះ​ឡើង​នៅ​វិញ​មួយ​ទល់មុខ ស្ថានទូត​បារាំង ខាងត្បូង​រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វារ កាលពី​ឆ្នាំ​១៩២៥ ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោកលើកទី​១ របស់​បារាំង ក្នុងការ ដណ្ដើមយក​ជោគជ័យ​លើ​អាល្លឺម៉ង់ និង​រំលឹក​ដល់​ពលី​កម្ម​របស់​កម្ពុជា ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង​បារាំង អំឡុង​សង្គ្រាមលោកលើកទី​១ ៕​.mara