ដោយៈប.ខុន/ភ្នំពេញៈការដ្ឋានសាងសង់ឡើងវិញនូវច្រាំងស្ទឹងព្រែកត្នោតនៅក្រុងតាខ្មៅដែលបានបាក់ស្រុតកាលពីក្នុងខែឧសភាឆ្នាំ២០២២ បានបន្តផ្អាកដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតដោយសារទឹកស្ទឹងព្រែកត្នោតស្រកមិនទាន់អស់និងដីនៅតាមច្រាំងស្ទឹងនៅសើម គ្រឿងចក្រមិនទាន់អាចចូលបាន។

លោក ម៉ៅ ហាក់ ប្រធានគម្រោងសាងសង់ច្រាំងស្ទឹងព្រែកត្នោតនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៥ខែមករាថា ការសាងសង់ឡើងវិញច្រាំងស្ទឹងព្រែកត្នោតនៅក្រុងតាខ្មៅដែលបានផ្អាកអស់រយៈពេលពីរសប្តាហ៍មកហើយដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតនោះពេលនេះនៅមិនទាន់បានចាប់ផ្តើមធ្វើបន្តនៅឡើយទេដោយសារដីនៅតាមមាត់ច្រាំងនៅសើមគ្រឿងចក្រមិនទាន់អាចចូលទៅបាន។

លោកប្រធានការដ្ឋាននេះបាននិយាយឱ្យដឹងទៀតថាការសាងសង់ច្រាំងស្ទឹងព្រែកត្នោតនេះបានចាប់ផ្តើមធ្វើការសម្អាតការដ្ឋាននិងការខួងគ្រឹះកាលពីដើមខែ ដោយធ្វើបានតែប៉ុន្មានថ្ងៃក៏មានទឹកជំនន់មកដល់។គម្រោងដែលត្រូវអនុវត្តមានប្រវែង២៤០ម៉ែត្រ ដោយម្ខាង១២០ម៉ែត្រហើយគ្រឹះដែលត្រូវបុកមានចំនួនប្រមាណជា៣០០ដើមជាកន្លែងដែលបានបាក់ស្រុត កាលពីដើមខែឧសភាឆ្នាំ២០២២ដោយគម្រោងសាងសង់ច្រាំងរឹងមាំនេះគ្រោង ធ្វើឱ្យរួចនៅក្នុងរដូវប្រាំងឆ្នាំ២០២៣។

លោកម៉ៅ ហាក់បាននិយាយឱ្យដឹងផងដែរថាច្រាំងស្ទឹងព្រែកត្នោតដែលប្រឈមនឹងការបាក់ស្រុតបន្តទៀតមានប្រវែងរហូតដល់ទៅជាងបួន ពាន់ម៉ែត្រ តែចំពោះមុខធ្វើតែកន្លែងបាក់ស្រុត២៤០ម៉ែត្រនេះសិន។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលបានថ្លែងនៅថ្ងៃទី២៥ខែមករាថា ទឹកស្ទឹងព្រែកត្នោតនៅហូរខ្លាំង គ្រឿងចក្របុកគ្រឹះដើម្បីធ្វើច្រាំងមិនទាន់អាចចុះបានតែនៅផ្នែកខាងលើនិងផ្នែកដែលមិនត្រូវបុកគ្រឹះក្រុមការងារបានចាប់ផ្តើមធ្វើបន្តទៀតហើយបន្ទាប់ពីទឹកបានស្រកផុត៕/PC