ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អង្គការណាសាកំពុងចាប់ដៃគូជាមួយទីភ្នាក់ងារស្រាវជ្រាវរបស់មន្ទីរបញ្ចកោណដើម្បីបង្កើតម៉ាស៊ីនរ៉ុក្កែតដើរដោយថាមពលនុយក្លេអ៊ែរដើម្បីត្រៀមបញ្ជូនអវកាសយានិកទៅកាន់ភពព្រះអង្គារ។
អ្នកគ្រប់គ្រងអង្គការណាសា លោក ប៊ីល នែលសុន (Bill Nelson) បាននិយាយកាលពីថ្ងៃអង្គារទី២៤មករាថា ទីភ្នាក់ងារអវកាសអាម៉េរិកនេះនឹងសហការជាមួយទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់របស់ក្រសួងការពារជាតិ (Darpa)ដើម្បី “អភិវឌ្ឍនិងបង្ហាញបច្ចេកវិជ្ជារុញកម្ដៅនុយក្លេអ៊ែរកម្រិតខ្ពស់ឱ្យបានឆាប់បំផុតនៅត្រឹមឆ្នាំ ២០២៧”។
លោកនែលសុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមានជំនួយពីបច្ចេកវិជ្ជាថ្មីនេះ អវកាសយានិកអាចធ្វើដំណើរទៅមករវាងទីអវកាសបានលឿនជាងពេលណាៗទាំងអស់ ដែលជាសមត្ថភាពដ៏សំខាន់ក្នុងការត្រៀមខ្លួនសម្រាប់បេសកកម្មអវកាសយានិកទៅកាន់ភពព្រះអង្គារ”។
Darpa គឺជាផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់មន្ទីរបញ្ចកោណ ហើយបានដើរតួនាទីនៅក្នុងការច្នៃប្រឌិតជាច្រើននៃសតវត្សទី ២០ រួមទាំងអ៊ីនធឺណិតផងដែរ។
ណាសាបាននិយាយថា រ៉ុក្កែតកម្ដៅនុយក្លេអ៊ែរអាចមានប្រសិទ្ធភាពជាងរ៉ុក្កែតរុញគីមីធម្មតាដល់ទៅបីដង ហើយនឹងកាត់បន្ថយពេលវេលាហោះឆ្លងកាត់ដែលនេះមានសារៈសំខាន់ណាស់សម្រាប់បេសកកម្មទៅកាន់ភពព្រះអង្គារ៕
លោកនែលសុននិយាយថានឹងបង្កើតបច្ចេកវិជ្ជារុញកម្ដៅនុយក្លេអ៊ែរកម្រិតខ្ពស់ឱ្យបានឆាប់បំផុតនៅត្រឹមឆ្នាំ ២០២៧