ដោយៈសុផល/ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ខែមករា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន១០រូប ប្រចាំនៅបណ្តាប្រទេសជាមិត្តនានា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។

លោក កុយ គួង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យរូបលោកនិងសហការីទំាងអស់ បានចូលជួបសម្តែងការគួរសមជម្រាបលាពិសេសទទួលអនុសាសន៍ដើម្បីអនុវត្តការងារក្នុងការបម្រើប្រទេសជាតិនៅលើឆាកអន្តរជាតិ។

សម្តេច ហេង សំរិន បានស្វាគមន៍និងអបអរសាទរចំពោះ អស់លោក ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ចំនួន ១០។ សម្តេចបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ អស់លោក/លោកស្រី គឺជាឥស្សរជនជាន់ខ្ពស់ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅបរទេស មានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិរបស់យើង ឱ្យខាងតែបាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អស់លោក/លោកស្រី មានការងារសំខាន់ៗជាច្រើន ដែលត្រូវបំពេញ លើការងារនយោបាយការបរទេស ក្នុងស្ថានភាពដែលពិភពលោក មានការប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តារសេដ្ឋកិច្ចសង្គម ឱ្យងើបឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសនោះ សម្តេច ហេង សំរិន បានផ្តល់ជាអនុសាសន៍ មួយចំនួន ដូចជាការត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ជាដើម។ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋយើង ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការបង្កើតទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយ បងប្អូនពលរដ្ឋខ្មែរ ជាដើម។

សូមជម្រាបថា ឯកអគ្គរាជទូតថ្មីទាំង១០រូបដែលបានចូលជួបទទួលអនុសាសន៍និងជម្រាបលាសម្តេចប្រធានរដ្ឋសភា នាឱកាសនេះមានលោក កុយ គួង ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា លោក ស្មាន ម៉ាណាន ឯកអគ្គរាជទូតប្រចាំប្រទេសគូវ៉ែត លោកហ៊ុន សារឿន ឯកអគ្គរាជទូត ប្រចាំនៅប្រទេសថៃឡង់ដ៏ លោក ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជទូតប្រចាំនៅប្រទេសអូស្រ្តាលី លោក ជា ធីរៈ ឯកអគ្គរាជទូតប្រចាំប្រទេសគុយបា លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំប្រទេសរុស្ស៊ី លោក អ៊ិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោក លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេ លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូត ប្រចាំនៅប្រទេសម៉ាឡេស៊ី៕ N